ម្ចាស់ចម្ការល្មើម្នាក់ យកគ្រឿងចក្រទៅឈូសឆាយព្រៃចាក់ដីរំលោភលើផ្ទៃអាងប្រព័ន្ធធារាសាស្ត្រ ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ត្រូវបានអាជ្ញាធរណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

ខេត្តប៉ៃលិន ៖ មន្រ្តីជំនាញមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត សហការជាមួយនឹងអាជ្ញាធរស្រុក សាលាក្រៅ និងអាជ្ញាធរឃុំស្ទឹងត្រង់ ចុះទៅបញ្ឈប់សកម្មភាព ម្ចាស់ចម្ការម្នាក់ បានយកគ្រឿង ចក្រទៅជីកកកាយដីលុបអាងទឹកប្រព័ន្ធធារាសាស្រ្ត ខណ:អាងមួយនេះ គឺជាកន្លែងដែលប្រជាពលរដ្ឋ បូមទឹកស្រោចស្រពដំណាំដាំដុះ និងបន្លែបង្កាផ្សេងៗ សម្រាប់ផ្គង់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

តែក្រោយពីប្រជាពលរដ្ឋឃើញសកម្មភាពបែបនេះ ក៏រាយការណ៍ជូនមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ឱ្យចុះទៅត្រួតពិនិត្យ និងធ្វើកិច្ចសន្យាបញ្ឈប់តែម្តង ។  ហេតុការណ៍មន្រ្តីជំនាញ សហការជាមួយ អាជ្ញាធរ ស្រុកសាលាក្រៅ ចុះដោះស្រាយបញ្ហាប្រជាពលរដ្ឋ ចាក់ដីលុបរំលោភផ្ទៃអាងប្រព័ន្ធ ធារាសាស្ត្រនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខណ:ចាក់ដីលុបលើផ្ទៃអាងទឹងអូរដូនតា ជាអាងធម្មជាតិ សម្រាប់ប្រើប្រាស់ ។ មន្រ្តីជំនាញខេត្តបានឲ្យដឹងថា ម្ចាស់ដីចម្ការខាងលើ មាន ឈ្មោះ រៀន សុវុទ្ធី ហៅតាល្មើ ភេទប្រុស អាយុ៦៤ឆ្នាំ ប្រពន្ធ ឈ្មោះ ចែម ចាន់ផៃ រស់នៅខេត្តប៉ៃលិន (ជាអ្នកដាំដំណាំល្មើ) ស្ថិតនៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានប្រាប់ឱ្យដឹង កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះថា ៖ ក្រោយពីទទួលបាននូវដំណឹងថា មានប្រជាពលរដ្ឋមួយគ្រួសារ បានចាក់ដីរំលោភលើផ្ទៃអាងទឹកប្រព័ន្ធធារាសាស្ត្រសម្រាប់ប្រជាពល រដ្ឋប្រើប្រាស់ប្រចាំថ្ងៃ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ លុះព្រឹកថ្ងៃបន្ទាប់ លោកក៏បានដឹក នាំមន្រ្តីការិយាល័យជំនាញ សហការជាមួយលោក សៀ សុខុម អភិបាលរងស្រុកសាលាក្រៅ លោក កែវ រំដេត មេឃុំស្ទឹងត្រង់ លោកមេភូមិដីស្អិត ចុះទៅត្រួតពិនិត្យ និងធ្វើការសម្របសម្រួលដោះ ស្រាយបញ្ឈប់ករណីប្រជាពលរដ្ឋ១គ្រួសារ ហ៊ានយកគ្រឿងចក្រទៅជីកកកាយដីចាក់លុបរំលោភ ចូលក្នុងផ្ទៃអាងទឹងអូរដូនតា ខណ:ប្រជាពលរដ្ឋរស់នៅភូមិនានា ក្នុងទីតាំងនោះ តែងតែបូមទឹកអាង មួយនេះ សម្រាប់យកទៅប្រើប្រាស់ ស្រោចស្រពដំណាំ ដាំដុះ និងបន្លែ ជាដើម ។

លោកបានបន្តទៀតថា ក្រោយពីក្រុមការងារបានចុះដើរពិនិត្យមើលជាក់ស្តែង និងបានពន្យល់ ដល់ប្រជាពលរដ្ឋខាងលើ ពីអនុក្រឹតរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងអាង ទន្លេ រួចធ្វើការដោះ ស្រាយ សម្របសម្រួលអស់រយ:ពេលជិត៤ម៉ោង ទើបម្ចាស់ដីចម្ការ ក៏បានយល់ព្រម យកគ្រឿងចក្រចុះទៅជីកកកាយសម្អាតអាចម៍ដី ដែលខ្លួនបានចាក់លុបចូលផ្ទៃអាងទឹក នោះចេញ ឡើងវិញ ។ លើសពីនេះ ម្ចាស់ដីខាងលើ ក៏បា នយល់ព្រម អនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ និងអាជ្ញាធរស្រុក ដោយការស្ម័គ្រចិត្តផងដែរ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *