ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៦៥នាក់ មកពីភូមិជាច្រើន រាគរុសក្អួតចង្អោរ សង្ស័យពុលបង្អែម យកមកពីរោងការ នៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ ក្រោយពីបានចូលរួម ហូបអាហារពេលយប់ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង នៅក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយអ្នកខ្លះបានហូបបង្អែម ហើយខ្លះទៀតបានយកបង្អែមទៅផ្ញើឪពុក ម្តាយ ប្តី ប្រពន្ធ និងកូន នៅឯផ្ទះ ។ លុះនាំគ្នាហូបរួច ស្រាប់តែមានអាការ: ឈឺក្បាល វិលមុខ ក្អួតចង្អោរ និងរាគរុស ជាច្រើនដង រហូតដល់ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងគ្លីនិកឯកជន បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ខណ:គេសង្ស័យថា នៅក្នុងបង្អែមនៃពិធីមង្គលការ នោះមាន សារធាតុពុល ។ រហូតមកដល់ព្រឹកថ្ងៃបន្ទាប់ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កំពុងតែនាំគ្នាធ្វើការពិនិត្យទៅលើម្ហូបអាហារ និងបង្អែមទាំងនោះយ៉ាងយកចិត្តទុកដាក់ ។

ហេតុការណ៍ប្រជាពលរដ្ឋជាច្រើនភូមិ កើតបញ្ហារាគរុសក្អួតចង្អោរ សង្ស័យពុលបង្អែមយកម កពីរោងការនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិព្រៃសន្ទះ ភូមិអូរដូនតាលើ ភូមិអូរដូនតាក្រោម ភូមិកូនដំរី ភូមិដីស ភូមិអូរគន្ធៀងវ៉ា ភូមិភ្នំព្រាល និងភូមិផ្សេងៗ ជាច្រើនទៀត សរុបចំនួន៦៥នាក់ ។

ប្រភពព័ត៌មានពីលោក កែវ រំដេត មេឃុំស្ទឹងត្រង់ បានរៀបរាប់ឱ្យដឹងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះថា ៖ មុនពេលកើតហេតុ នៅក្នុងឃុំរបស់ លោកមានការរៀបចំអាពាហ៍ពិពាហ៍ កូនប្រុស កូនស្រីរបស់ប្រជាពលរដ្ឋ ដោយគេចាប់ផ្តើមនាំ គ្នាហូបអាហារ តាំងពីវេលាម៉ោង៦ និង៣០នាទីយប់ រហូតដល់ម៉ោងប្រហែល១០យប់ទើបចប់កម្មវិធី ។ លោកបន្តទៀតថា ប៉ុន្តែ ក្រោយពីហូបគ្រឿងក្លែម ម្ហូបអាហារ និងបាយ សម្លរួច ក្រុមអ្នករត់តុ ក៏បានលើកបង្អែមចុងក្រោយ ពីកន្លែងចុងភៅយកទៅដាក់ជូនឱ្យភ្ញៀវពិសា ដោយអ្នកខ្លះ ហូបនៅនឹងកន្លែងរោងការ ខ្លះទៀតវេចខ្ចប់ យកទៅផ្ញើឪពុកម្តាយ ប្តី ប្រពន្ធ និងកូននៅឯផ្ទះ លុះនាំគ្នាហូបរួច ស្រាប់តែម្នាក់ៗ មានអាការ: ឈឺក្បាល វិលមុខ ក្អួតចង្អោរ និងរាគរុស រហូតដល់ នាំគ្នាដឹកយកទៅសម្រាកនៅគ្លីនិកឯកជនក្នុងឃុំស្ទឹងត្រង់ និងមណ្ឌលសុខភាពបង្កឱ្យមាន ការភ្ញាក់ ផ្អើលទាំងយប់តែម្តង ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦៥នាក់ ខាងលើ ដែលគេសង្ស័យពុល បង្អែមនេះ មានអ្នកខ្លះធ្ងន់ធ្ងរ រហូតដល់ព្យួរសេរ៉ូម អ្នកខ្លះស្រាល គ្រាន់តែចាក់ថ្នាំ និងសម្រាកនៅ ក្នុងពេទ្យបន្តិចក៏ត្រឡប់ទៅផ្ទះវិញ ។ ទោះបីជាយ៉ាងណា រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ដែលគេសង្ស័យពុលបង្អែមខាងលើ ត្រូវបានចេញទៅផ្ទះរៀងៗ ខ្លួនអស់ហើយ នៅសល់ប្រហែល៤ទៅ៥នាក់ប៉ុណ្ណោះ កំពុងសម្រាកនៅមណ្ឌលសុខភាព និងគ្លីនិកឯកជន ។ លោកបញ្ជាក់បន្ថែមទៀតថា មិនត្រឹមតែភ្ញៀវ និងអ្នកភូមិពុលប៉ុណ្ណោះទេ សូម្បីតែកូនម្ចាស់កម្មវិធី ដែលរៀបអាពា ហ៍ពិពាហ៍ក៏ពុលផងដែរ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *