ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយជូនរដ្ឋបាលខេត្តកណ្ដាល សម្រាប់ចែកជូនដល់ប្រជាបលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ទូទាំងខេត្តកណ្តាល

កណ្តាល៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុម សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ ខេត្តកណ្តាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បាននាំយក មីជាតិចំនួន ២០០០កេស និងទឹកបរិសុទ្ធចំនួន ២០០០កេស មកប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្តាក្រុង-ស្រុក ទូទាំងខេត្តកណ្តាល។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយក ចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស គឺខេត្តបានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ២០ កុម្ភះ និងបានបញ្ជូនឱ្យគាត់បានធ្វើចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើ  ។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាឱ្យកាន់តែ ប្រសើថែមទៀត ដើម្បីទប់ស្កាត់ កុំឱ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត  ដោយត្រូវ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយសម្រាប់មន្ត្រីជួបមុខដែល កំពុងអនុវត្តការងារទាក់ទងនឹងជំងឺកូវីដ-១៩ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវចេះការពារខ្លួនឯង កុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះនេះ។

ឯកឧត្ដម គង់ សោភណ្ឌ័  អភិបាល  នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដែលបាននាំយកអំណោយ មកប្រគល់ជូននាពេលនេះ អំណោយមនុស្សធម៌  ដ៏ថ្លៃថ្លានេះ ពិតជាមានសារៈប្រយោជន៍ណាស់ សម្រាប់ រដ្ឋបាលខេត្ត ដែលកំពុងតែត្រូវការជាចាំបាច់ និងបន្ទាន់ សម្រាប់ចែកជូនដល់បងប្អូន​ប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កនៅទូទាំងខេត្ត។

ឯកឧត្ដម អភិបាលខេត្ត  បានសន្យាថា និងនាំយកអំណោយ មនុស្សធម៌ទាំងអស់នេះ ប្រើប្រាស់ឱ្យ ចំទិសដៅ ដើម្បីផ្តល់ជូនអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល  ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ  ដែលកំពង់ដាក់ អោយធ្វើចត្តាឡីសក័  នៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្តកណ្តាល។

សូមជម្រាបថាគិតត្រឹមថ្ងៃទី១២  ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវ រកឃើញ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១១៥៣៨នាក់ យកសំណាកបាន ៩៦៧៥នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៥១២នាក់ នៅផ្ទះចំនួន ៩៨៣៨នាក់ មានករណីវិជ្ជមានចំនួន ៧៩នាក់ ករណីជាសះស្បើយចំនួន ៣នាក់ អ្នកបានបញ្ចប់ការធ្វើចត្តាឡីស័កចំនួន ៥៣២នាក់ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *