យុទ្ធនាការចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៏ជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យុទ្ធនាការចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៏ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ពីសំណាក់ក្រុមការងារអន្តរក្រសួង ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ក្រោយបញ្ហាជំងឺ covid-19 បានផ្ទុះក្នុងសហគមន៍ ដោយមន្ត្រីជំនាញទាំងអស់ត្រូវដកថយទៅអង្គភាពរៀងៗខ្លួនវិញ នាថ្ងៃទី០៩ មិនា ២០២១កន្លងទៅនេះ ។

សេចក្តីរាយការណ៍បានដឹងថា ក្រុមការងារអន្តរក្រសួងដែលមាន ចំនួនប៉ុន្មាន ៥០០ នាក់ត្រូវបាន កោះហៅវិលត្រឡប់ទៅអង្គភាពវិញ ក្រោយកើតមានព្រឹត្តឹការណ៏ ២០កុម្ភៈ ដែលនេះគឺជាការផ្អាកសកម្មភាពវាស់វែងដីជាលើកទី ២ ដែលកាលពីលើកទីមួយនោះ ក្រុមការងារបានផ្អាកដោយសារតែកត្តាគ្រោះធម្មជាតិក្នុងអំឡុងខែសីហា ឆ្នាំ ២០២០។ចំណែកលើកទី២នេះក្រុមការងារបានចុះសកម្មភាពបាន២០ថ្ងៃ ចាប់ពីថ្ងៃទី២១ កុម្ភៈ ២០២១។

សេចក្តីរាយការបន្តថា ក្រុមការងារអន្តរក្រសួងបានចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋដើម្បី បញ្ចប់នូវវិវាទដីធ្លី នាពេលកន្លងក្រុមការងារជំនាញ ដែលមានការចូលរួមពីសមាភាពមន្ត្រីរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ មន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការតាមគោលដៅសំខាន់ៗរួមមាន ស្រុកកោះញែក ស្រុកពេជ្រាចិន្តា និងស្រុកកែវសីមា។

យោងទៅតាមកិច្ចប្រជុំនៅពេលកន្លងមកក្រុមការងារត្រូវប្រតិបត្តិការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋក្នុងរយៈពេល ៤០ ថ្ងៃ។ប៉ុន្តែការចុះប្រតិបត្តិការនេះទើបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះក៏ជួបប្រទះនូវបញ្ហា ដូច្នេះកម្លាំងត្រូវថយដោយសារតែការឆ្លងរីករាលដាលនៃជំងឺ covid-19 នៅក្នុងសហគមន៍នៃប្រទេសកម្ពុជា។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានបញ្ជាក់ថា ចំពោះក្រុមការងារចុះវាស់វែងដីធ្លីនៅ ខេត្តមណ្ឌលគិរី នេះដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួង ដ.ន.ស គឺបានធ្វើការផ្អាកសិន។ បញ្ហានេះក៏ផ្អែកទៅលើស្ថានភាពដែលយើងកំពុងតែមានករណីកូវីដ១៩ បានកើតឡើងជាបន្តបន្ទាប់ នេះ។ ទោះជាយ៉ាងណាអភិបាលខេត្តមិនទាន់អាចកំណត់ថ្ងៃចុះវាស់វែងឡើងវិញទៀត នៅថ្ងៃណានោះទេ ដោយត្រូវរង់ចាំសភាពការណ៏ជំងឺកូវីដស្ងប់ស្ងាត់វិញផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *