សៀមរាប៖ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើ ហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោង ទ្វារតាកាវនៃក្រុងអង្គរធំ។ ការងារនេះធ្វើឡើង ដើម្បីធានាសុវត្តិភាពអ្នកដំណើរដែលឆ្លងកាត់ទីនោះ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតនិងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ពន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ ដែលការងារនេះនឹងជួយសម្រួលដល់កិច្ចការអភិរក្ស និងជួសជុលខ្លោងទ្វារតាកាវ ដែលគ្រោងនឹង អនុវត្តក្នុងពេលឆាប់ៗនេះ។
ដើមឈើដែលបាន និងកំពុងកាត់ដកហូតចេញមានចំនួន៨ដើមរួមមាន ដើមចាន់៣ដើម ដើមយាង១ដើម ស្នាយ២ដើម អង្កោល១ដើម និងស្លែង១ដើម ដែលស្ថានភាពដើមឈើទាំងនោះ ដុះទ្រេតនៅលើខឿនថ្មបាយក្រៀម មានជំងឺ និងប្រព័ន្ធឬសខ្សោយចាក់ចូលក្នុងរចនាសម្ព័ន្ធខ្លោងទ្វារ។ ចំណែកឯដើមឈើដែលកំពុងកាត់ក្រីមែកមានចំនួន៤ដើមរួមមាន ដើមចាន់៣ដើម និងស្លែង១ដើម ដុះទ្រេតលើកំពែង ដែលត្រូវកាត់ក្រីចំនួន៩មែកចេញ ដើម្បីសម្រាលតួដើមឈើទាំងនោះ និងជួយសម្រួលដល់ការងារជួសជុលឲ្យបានលឿនផង៕ដោយតាំង ហូ