ព្រះវិហារ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ មានជាអង្ករ ទឹកសុទ្ធ តង់កៅស៊ូ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួន មកចែកជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
មានប្រសាសន៍ស្វាគមន៍នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ ក្តីស្រឡាញ់ ក្តីអាណិតអាសូរ គិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាក ជាពិសេស គឺស្ថិតក្នុងកាលៈទេសៈដែលកំពុង ប្រឈមនឹងការឈ្លានពានដោយកម្លាំងប្រដាប់អាវុធសៀម រំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចទាំងទ្វេ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើមទាំងអស់ ដែលសម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព និងវិរៈយុទ្ធជនគ្រប់រូប ដែលបានបំពេញភារកិច្ចដើម្បីការពារបូរណភាពទឹកដី។ ហើយគ្រប់ការលះបង់សាច់ស្រស់ ឈាមស្រស់ទាំងអស់របស់វីរៈយុទ្ធជនត្រូវបានថ្នាក់ដឹកនាំជាតិ ចងចាំ និងដឹងគុណជានិច្ច ហើយក្រុមគ្រួសាររបស់វីរៈយុទ្ធជននឹងមិនត្រូវបានបំភ្លេចចោលឡើយ៕