មន្ទីរវប្បធម៌ និង វិចិត្រសិល្ប:ខេត្តប៉ៃលិន ធ្វើការហាត់សមរបាំ និងបង្ហាត់បង្រៀនយុវជន ដើម្បីត្រៀមរាំកម្មវិធីខេត្ត ក៏ដូចជាមន្ទីរផ្សេងៗ ហើយបន្តអភិរក្សឱ្យនៅគង់វង្ស

ខេត្តប៉ៃលិន៖ដើម្បីអភិរក្សរបាំប្រពៃណីរបាំប្រជាប្រិយនិងរបាំផ្សេងៗប្រចាំមន្ទីររហូតមកដល់ដើមខែមីនាឆ្នាំ២០២១នេះខាងមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តប៉ៃលិនបានចាប់ផ្តើមធ្វើការបង្ហាត់ដល់ក្រុមយុវ ជននិងហាត់សមរបាំផ្សេងៗដែលធ្លាប់រាំកន្លងមកសម្រាប់ត្រៀមឡើងរាំនៅតាមកម្មវិធីនីមួយៗរបស់ ខេត្ត ក៏ដូចជារាំនៅតាមមន្ទីរជុំវិញខេត្ត ពេលត្រូវការសម្តែងផងដែរ ។

បើតាមការរៀបរាប់ពីលោក អ៊ី លីឈុន អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ របាំទាំងអស់ ដែលខាងមន្ទីរធ្វើការបង្ហាត់ដល់ក្រុមយុវជន និងដឹកនាំ ធ្វើការហាត់សម គឺកុំឱ្យពួកគាត់ភ្លេចរបៀបរាំ របៀបដើរ និងរបៀបសម្តែង ហើយដើម្បីទុកអភិរក្សឱ្យបានគង់វង្ស ។ របាំដែលក្រុមយុវជនធ្វើការហាត់សមនៅក្នុងមន្ទីរពេលនេះ មានដូចជា របាំក្ងោកប៉ៃលិន របាំរែងត្បូង របាំគោះត្រឡោក របាំគែន របាំជូនពរ របាំវាយក្រាប់ របាំតាំងយូ របាំត្រុត និងរបាំកន្សងស្នេហ៍ជាដើម ។លោកបន្តទៀតថារបាំប្រចាំត្រកូលសម្រាប់ខេត្តប៉ៃលិនតាំងពីយូរលង់ណាស់មកហើយមានចំនួន៣គឺ: របាំក្ងោកប៉ៃលិន របាំតាំងយូ និងរបាំរែងត្បូង ហើយរបាំទាំងនេះ ជារបាំប្រជាប្រិយ មានតាំងពី អតីតកាលមកម្លេះជាពិសេសរបាំរែងត្បូងគឺកើតឡើងដោយសារជនជាតិកូឡា(ភូមា)មួយក្រុមជំនាន់ ដើមដោយពួកគេធ្វើការពនេចរមកធ្វើការជីកដីរែងរករ៉ែត្បូងនៅក្នុងទឹកដីខេត្តប៉ៃលិនលុះពេលពួកគេ មានជីវភាពធូរធារក៏បង្កើតជារបាំនេះឡើងតែដើម្បីឱ្យអ្នកជំនាន់ក្រោយនឹករលឹកដល់ជីវភាពក៏ដូចជា ការងាររែងត្បូងរបស់ពួកគេ។លោកបញ្ជាក់ថាចំណែករបាំផ្សេងៗទៀតក៏មានដំណើររឿងពិតរបស់វា ដែរទើបគេបង្កើតជារបាំនេះឡើងដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយនឹកចាំពីសកម្មភាពជីវភាពក៏ដូចជាការងារដែលបុព្វបុរសបានធ្វើកាលពីសម័យដើម។លើសពីនេះរបាំប្រពៃណីមួយចំនួនត្រូវបានគេបង្កើត ឡើងសម្រាប់កម្មវិធីជប់លៀងនិងក្នុងឱកាសលេងកម្សាន្តនាពេលបុណ្យទានផ្សេងៗដូចជារដូវបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ រដូវភ្ជុំបិណ្ឌផងដែរ ។

លោកបញ្ជាក់ថាដើម្បីរក្សានិងការពារកុំឱ្យរបាំទាំងអស់ខាងលើមានការបាត់បង់ខាងមន្ទីរតែងតែធ្វើការសហការជាមួយនឹងក្រុមយុវជនដោយធ្វើការហាត់សមរយ:ពេល២អាទិត្យម្តងក្នុង១ខែក៏មានលោកគ្រូ អ្នកគ្រូ និងរៀមច្បង ដែលជាមន្រ្តីនៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ជាអ្នកបង្ហាត់បង្រៀនជាប្រចាំ ។ លោកក៏សូមធ្វើការអំពាវនាវដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ឱ្យបំផុសស្មារតីដល់យុវជនជំនាន់ក្រោយ ត្រូវមានការចូលរួមដោយធ្វើយ៉ាងណាកុំឱ្យរបាំណាមួយបាត់បង់ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងទឹកដីខេត្តប៉ៃលិនត្រូវថែរក្សាការពារមរតកដូនតារបស់យើងឱ្យបានគង់វង្សយូរអង្វែងដូចសុភាសិតខ្មែរបានឡើងឡើងថា«វប្បធម៌រលត់ជាតិរលាយវប្បធម៌ពណ្ណរាយជាតិថ្កុំថ្កើង»ពោលគឺរបាំអ្វីដែលជាតិសាសន៍យើងមានត្រូវតែការពារថែរក្សាទាំងអស់គ្នាគ្មាននរណាម្នាក់អាចជួយការពារបានក្រៅពីខ្លួនយើងរាល់គ្នានោះទេ។លោកសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយជម្រុញទឹកចិត្តយុវជនផ្តល់ទាំង ថវិកានិងសម្ភារ: ដោយធ្វើយ៉ាងណា ត្រូវផ្តល់ឱកាសឱ្យយុវជនជំនាន់ក្រោយ មានលទ្ធភាព សមត្ថភាព ក្នុងការថែរក្សារបាំទាំងអស់ខាងលើ ដែលជាកេរ្តិ៍តំណែលដូនតា ឱ្យបាននៅជាប់ជានិច្ចនិរន្តតទៅ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *