ព្រះវិហារៈ ខណៈពេលដែលស្ថានភាពព្រំដែន កំពុងតែមានភាពតានតឹងជម្លោះព្រំដែនរវៀង កម្ពុជា នឹងសៀមឈ្លានពានទឹកដី ស្របពេលនេះដែរក៏មានសកម្មភាពរថយន្តរបស់ក្រុមជនទុច្ចរឹតបានលួចដឹកជញ្ជូនជនជាតិចិនអន្តោប្រវេសន៍ដោយខុសច្បាប់ពីប្រទេសឡាវ លួចចូលមកទឹកដីកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ព្រំដែន កម្ពុជា ឡាវ នៅតាមផ្លូវខ្សែរក្រវ៉ាត់ព្រំដែន ឆ្លងកាត់ស្រុកជាំក្សាន្ត រឺក៍ចូលមកទីរួមខេត្តព្រះវិហារឆ្ពោះទៅសៀមរាប ភ្នំពេញ កំពង់សោម ប៉ោយប៉ែត និយាយជារួម ចូលមកប្រទេសកម្ពុជាតែម្ដង ថ្ងៃទី១៨/១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមិនមានផលរំខានដល់សមត្ថកិច្ចរឺស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់បង្រ្គាបបណ្ដែតបណ្ដោយដឹកតាមអំពើចិត្ត (នេះបើតាមការលើកឡើងពីមជ្ឈដ្ឋានក្បែរនោះបាននិយាយថា សកម្មភាពបែបនេះ ប្រាកដជាមានការគុបគិតគ្នារកប្រយោជន៍រៀងខ្លួនៗហើយបានជាបណ្តោយអោយដឹកយ៉ាងរលូនបែបនេះ)។
កាលពីពេលថ្មីៗនេះ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់អាជ្ញាធរស្រុកឆែប និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឱ្យមានប្រសិទ្ធិភាពខ្ពស់។ការណែនាំបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅសាលាស្រុកឆែប តែការណែនាំរបស់លោក អភិបាលខេត្តហាក់បីដូចជាសមត្ថកិច្ចអង្គភាពពាក់ព័ន្ធមិនយកចិត្តទុកដាក់លើបទល្មើសទាល់តែសោះបណ្ដែតបណ្ដោយតាមអំពើចិត្ត។
តាមសេចក្ដីរាយការណ៍ពី ពលរដ្ឋដែលរស់នៅឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ បានអោយដឹងថា សកម្មភាព ក្រុមជួញដូរមនុស្ស នាំជនជាតិចិនពីប្រទេស ឡាវ មកទឹកដីខ្មែរ ដោយខុសច្បាប់មានស្ទើររៀងរាល់ថ្ងៃរាល់យប់ តែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការទប់ស្កាត់សកម្មភាពជនជាតិចិនឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា និងពីកម្ពុជាចេញទៅឡាវក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ស្រុកឆែបខេត្តព្រះវិហារនេះឡើយ។
ចំពោះសកម្មភាពជនជាតិចិនដែលលួចឆ្លងដែនខុសច្បាប់តាមទន្លេមេគង្គពីប្រទេសឡាវ ចូលមកកម្ពុជានិងពីកម្ពុជាទៅឡាវ កំពុងកើតមានយ៉ាងគគ្រឹកគគ្រីង ប៉ុន្តែការបង្ក្រាបរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឬក៏សមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់បីដូច បង្រ្គាបបានតិចតួចឬក៏មួយដង្ហើមចង្រិតតែប៉ុណ្ណោះ។ បើទោះបីជាមានកម្លាំងចម្រុះរបស់រដ្ឋាភិបាលជាច្រើន ដាក់ពង្រាយដើម្បីចាំទប់ស្កាត់នៅទីនោះក្តី ក៏ប៉ុន្តែស្ទើរតែរាល់ថ្ងៃនេះមានជនជាតិចិន ជិះទូកឆ្លងទន្លេមេគង្គពីប្រទេសឡាវ ចូលមកកម្ពុជាដោយខុសច្បាប់ បន្ទាប់ពីជនជាតិចិនទាំងនោះបានឆ្លងទូកពីប្រទេសឡាវ ចូលមកទឹកដីកម្ពុជារួចហើយ ក៏មានក្រុមជួញដូមនុស្សចាំទទួលមកលាក់ទុកបណ្ដោះអាសន្ន ពេលដែលស្ងប់ស្ងាត់មានឡានទំនើបៗមកដឹកចេញទៅកន្លែងផ្សេងបន្តទៀត។សំនួរសួរថា បើមានក្រុមសមត្ថិកិច្ចចម្រុះដាក់ពង្រាយគ្រប់កន្លែងហើយហេតុអីបានជាក្រុមជនជាតិចិនទាំងនេះនៅតែអាចឆ្លងចូលមកទឹកដីខ្មែរបានយ៉ាងរលូនបែបនេះ រឺក្រុមទាំងនេះឆ្លងចូលមកនៅពេលដែលក្រុមសមត្ថកិច្ចកំពុងតែដេកលក់មិនបានដឹង? ហើយក្នុងនោះក៍មានអ្នកសារព័ត៌មានមួយចំនួនក្នុងខេត្តបានគប់គិតជាមួយជនទុច្ចរឹតទទួលលុយកាក់ពីក្រុមទាំងនោះមកចែកចាយដល់អ្នកសារព័ត៌មានដទៃទៀតក្នុងន័យបិទបាំងព័ត៌មានផងដែរ។
ប្រភពដដែលបានបន្តរថា ពលរដ្ឋមួយចំនួន នៅឃុំកំពង់ស្រឡៅ១និងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារអះអាងថា សកម្មភាពរត់ពន្ធជនជាតិចិនឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជានិងពីកម្ពុជាទៅឡាវ ឆ្លងទន្លេមេគង្គ កំពុងកើតមានទាំងយប់ទាំង ថ្ងៃ ពលរដ្ឋបានអះអាងបន្តទៀតថាពួកគាត់បានឃើញជនជាតិចិនទាំងនោះនិងភ្នែក គឺចិនឆ្លងទូកមកដល់ ក្រុមជនទុច្ចរឹតចាំទទួល ជួនកាលឡានដឹកយកទៅទុកនៅកន្លែងកាស៊ីណូចិននៅទឹកជ្រោះព្រះនិមិត្តសិន រង់ចាំដល់ពេលយប់ស្ងាត់ទើបដឹកចេញបន្តទៅភ្នំពេញ៕ដោយ/ម៉ែន គន្ធា