ពលរដ្ឋភៀសសឹកចូលរួមលែងកូនត្រី និងត្រីមេពូជចម្រុះជាង ៣៥ពាន់ក្បាល ដើម្បីបង្កើនធនធានជលផល និងអបអរសាទរទិវាមច្ចជាតិ ១កក្កដានៅខេត្តខេត្តព្រះវិហារ

ព្រះវិហារ៖ កូនត្រី និងត្រីមេពូជចម្រុះជាង ៣៥ពាន់ក្បាល (៣ម៉ឺន ៥ពាន់ក្បាល) ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ រួមទាំងអាជ្ញាធរមូលដ្ឋាន ធ្វើពិធីព្រលែងចូលក្នុងបឹងធម្មជាតិ ដើម្បីបង្កើនធនធានជលផលឱ្យសំបូរបែបឡើងវិញ និងក៏ដើម្បីចូលរួមអបអរសាទរ «ទិវាមច្ឆជាតិ ០១កក្កដា» ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តពោធិ៍ ៥០០០ដើម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ពិធីព្រលែងកូនត្រីជាង ៣៥ពាន់ក្បាលនោះ បានធ្វើឡើងក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋភៀសសឹកយ៉ាងច្រើនកុះករផងដែរ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ថា ការប្រលែងកូនត្រី និងត្រីមេពូជនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។

លោក គីម រិទ្ធី មានប្រសាសន៍ទៀតថា ដើម្បីធានាការគ្រប់គ្រងធនធានជលផល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានច្បាប់ស្តីពីជលផល ដែលនឹងក្លាយជាឧបករណ៍គតិយុត្តិថ្មី ស្របនឹងបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *