ព្រះវិហារ/នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ គោរពវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងថា នេះជាការលះបង់ដ៏ឧត្ដុង្គឧត្ដមរបស់លោកព្រិន្ទបាលឯក សួន រ៉ោន គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងមិត្តរួមអាវុធកងយុទ្ធពលខេមរភូមិន្ទ ក្នុងនាមជាវីរយុទ្ធជនការពារជាតិមាតុភូមិដ៏ក្លាហាន។
ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថា ការបាត់បង់ ព្រិន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង។
នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕