កំពង់ចាម : ដោយសារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានរកឃើញ បុរស ម្នាក់ ឈ្មោះ ម៉ី ស៊ីថាន អាយុ២៧ឆ្នាំ មានករណី វិជ្ជមានកូវីដ-១៩ បានចូលមកស្នាក់នៅក្នុងផ្ទះកម្មករ និងបាន ជួបជុំជាមួយ សមាជិកគ្រួសាររបស់គាត់ ដែលកំពុងស្នាក់នៅក្នុងសិប្បកម្មឡឥដ្ឋ ស្ថិតនៅ ក្នុង ភូមិអូរកណ្តោរ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ដើម្បី អនុវត្តតាមវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាលពី ថ្ងៃទី ៩ ខែមិនា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តកំពង់ចាម សម្រេច បិទជាបណ្តោះអាសន្ននូវទីតាំង សិប្បកម្ម ឡឥដ្ឋ ខាងលើ ដើម្បីបង្កលក្ខណៈដល់ក្រុមមន្ត្រី ជំនាញស្រាវជ្រាវ កំណត់មុខសញ្ញាពាក់ព័ន្ធ និងនាំយក អ្នកពាក់ព័ន្ធ ដោយផ្ទាល់នឹងបុរសខាងលើនេះ ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត។ ដោយឡែក បងប្អូនកម្មករ-កម្មការនី ដែលកំពុងបម្រើការងារក្នុងសិប្បកម្មដែលប៉ះពាល់ ដោយ ប្រយោល ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ រយៈពេល១៤ថ្ងៃ ដើម្បីបន្តធ្វើការតាមដានសុខភាព និងយកសំណាកពិនិត្យផងដែរ ។ ជាមួយគ្នា នោះ រដ្ឋបាល ខេត្តកំពង់ចាម ក៏បាន សូម ឲ្យ ម្ចាស់សិប្បម្មឡឥដ្ឋចូលរួមសហការ ជាមួយ រដ្ឋបាលខេត្ត ផ្អាកសិប្បកម្មនេះជាបណ្តោះអាសន្នសិន ដើម្បីការពារ និងកាត់ផ្តាច់ខ្សែចម្លង ចូលក្នុងសហគមន៍ ពិសេសត្រូវណែនាំដល់កម្មករ កម្មការនី បន្តធ្វើចត្តាឡីស័ក ឲ្យ បានត្រឹមត្រូវ តាមការណែនាំរបស់មន្ត្រីសុខាភិបាល និងត្រូវរង់ចាំ លទ្ធផល បញ្ជាក់ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទាំងពីរលើក មុននឹងអនុញ្ញាតិ ឲ្យ បើកដំណើរការសិប្បកម្ម នេះឡើងវិញ ៕