ខេត្តកំពង់ធំ: ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ បានត្រៀម ខ្លួនរួចជាស្រេច ដើម្បីត្រៀមទទួលបងប្អូនពលករជាង៤០០នាក់ មកពីខេត្តបន្ទាយមានជ័យ មកបន្ត ចត្តាឡីស័កនៅវិទ្យាល័យខេត្តកំពង់ធំ ដែលនឹងត្រូវមកដល់នៅយប់នេះ ។
បន្ថែមលើសពីនេះទៀត ឯកឧត្តម ក៏បានជម្រុញ អោយលោកអភិបាលក្រុងស្រុក និងប្រធាន មន្ទីរអង្គភាព ត្រូវចាត់ឲ្យមានមន្ត្រីប្រចាំការ ដើម្បីត្រៀមទទួលបងប្អូនពលករ ដែលវិលត្រឡប់មក ពីប្រទេសថៃ និងតំបន់ផ្សេងៗ ត្រូវបន្តធ្វើចត្តាឡីស័កនៅក្នុងខេត្តកំពង់ធំ និងត្រៀមមធ្យោបាយ សម្រាប់ដឹកជញ្ជូនបងប្អូនពលករ យកទៅបន្តធ្វើចត្តាឡីស័កតាមក្រុងស្រុកបន្ថែមទៀត ព្រមទាំង ត្រៀមរៀបចំអាហារសម្រាប់ពួកគាត់ផងដែរ។
ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរក្រុងស្រុក ត្រូវខិតខំពន្យល់ណែនាំ និងធ្វើការ ផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន អោយរក្សាអនាម័យ អនុវត្តនូវវិធានការការពារ កូវីត ១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជា ពិសេសមិនត្រូវមានការជួបជុំគ្នា រាំលេងកំសាន្ត ចាក់ធុងបាសតាមភូមិ ការរៀបអាពាហ៍ពិពាហ៍ ត្រូវកាត់បន្ថយអ្នកចូលរួម និងកាត់បន្ថយនូវកម្មវិធីណាដែលមិនចាំបាច់៕