ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៨និងនាំទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ នៅវត្តសុវណ្ណគិរី ហៅវត្តឆែប។
នាឱកាសនោះ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងថា ថ្ងៃនេះគឺជាបិណ្ឌទី៨ ក្នុងនាមក្រុមការងារ ចុះជួយស្រុកឆែប បានមកកាន់បិណ្ឌនៅវត្តសុវណ្ណគិរី ហៅវត្តឆែប ដើម្បីរាប់បាត្របង្សុកូលឧទ្ទិស កុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ហើយក៏បានឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ កសាងអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍។
លោកបានបន្តថា បច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែ បានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តី សុខសុភមង្គល រីកចម្រើនទៅមុខទៀត ដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ដូច្នេះហើយទើបពួកគាត់អាចមានលទ្ធភាព ធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗបាន។
លោកបានបញ្ជាក់ទៀតថា ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នាតាំងពីបុរាណកាល ដូច្នេះហើយប្រជាពលរដ្ឋខ្មែរទាំងអស់ដែលជាពុទ្ធសាសនិកជន គប្បីនាំគ្នាថែរក្សាពិធីបុណ្យ ដែលជាមរតកកេរដំណែលវប្បធម៌របស់ដូនតាខ្មែរឱ្យបានឋិតថេរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ឱ្យចេះទៅធ្វើបុណ្យទាននៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។
និងបានចូលរួមបច្ច័យកសាងចំនួន ៤,៥៧៥,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន : -ទិយ្យទាន ចំនួន ១៧-អង្ករ ៣បេ -ទឹកសុទ្ធ ៤កេស -មី ៥កេស -ត្រីខ ៥យួរ -ទឹកក្រូច ៤កេស-ទឹកត្រី ៥យួរ ផងដែរ៕