ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអង្គារ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ និងថវិកាពីលោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះលោក ស៊ីញ ប៉ាវគ័រប្រធានតំបន់សេដ្ឋកិច្ចពិសេសឈីលូមិនត្រឹមតែបង្កើត នូវតំបន់សេដ្ឋកិច្ច ពិសេសដើម្បីផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេ លោកប្រធាន តំបន់តែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកា ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្តទៅលើការងារ អភិវឌ្ឍផ្សេងៗជាដើម។ ជាក់ស្តែងសម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅ លើការជួយគ្នាក្នុងគ្រាលំបាក។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយ និងថវិកាដែលបាន ផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និង យកទៅចាត់ចែងប្រើប្រាស់ឲ្យចំទិសដៅ ក្នុងសកម្មភាពយុទ្ធនា ការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្របតាមបរិបទ នាពេលបច្ចុប្បន្ន។ អំណោយទាំងនោះរួមមាន ម៉ាស១០កេសធំ ស្មើនឹង២៥,០០០ម៉ាស អាល់កុល ១០កេស ស្មើនឹង៤៨០ដប៕ដោយ ភក្ដី