ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនៅរាត្រីថ្ងៃទី ៨ ខែមីនានេះថា ស្ថានភាពកូវីដ-១៩ មានស្ថានភាពធ្ងន់ធ្ងរ និងច្របូកច្របល់ ព្រោះពេលនេះការឆ្លង បានរកឃើញកើតមាននៅស្ថាប័នប៉ូលីស និងមានកើតទៅលើអ្នកសិល្បៈមួយចំនួនត្រូវ បានរកឃើញ ថាកើតកូវីដ-១៩ ។
តាមរយៈសារបន្ទាន់ពិសេសរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នារាត្រីនេះបានលើកឡើង ថ្ងៃនេះ សភាពការណ៍ក្នុងប្រទេសយើងពិតជាមិនធម្មតាយើងរកឃើញអ្នកឆ្លងថ្មីក្នុងសហគមន៍ថ្មីរហូតដល់ ៤៩នាក់ ។សម្តេចតេជោ បានមានប្រសាសន៍ថា «ថ្ងៃនេះសភាពការណ៍នៅក្នុងប្រទេសរបស់យើង ពិតជាមិនធម្មតា ដែលរហូតមកដល់ម៉ោងនេះ ការរកឃើញនូវកូវីដ-១៩ ចំនួនអ្នកឆ្លងថ្មី រហូតទៅដល់ ៤៩នាក់ នៅក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងមកពីខេត្តព្រៃវែង និងអាចមានផ្នែកខ្លះនៅក្នុងខេត្ត កណ្តាលផងដែរ» ។ សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា «សភាពការណ៍នេះបានដាក់ចេញនូវ ចំណោទធំៗ សម្រាប់យើង ក្នុងការបន្តជំហានដើម្បីប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ ។ ក្នុងស្ថានភាព បែបនេះ ខ្ញុំសូមអំពាវនាវផងនិងចេញបទបញ្ជាផង ការចេញបទបញ្ជាគឺសុំឲ្យស្ថាប័ននីមួយៗរបស់ រាជរដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិ សូមផ្អាកជាបណ្តោះអាសន្ននូវស្ថាប័ន ប៉ុន្តែយើងក៏នៅ តែមានមនុស្សប្រចាំការ ធ្វើការ តែយ៉ាងហោចណាស់ត្រូវមានមនុស្សតិចតួច មនុស្សភាគច្រើនត្រូវធ្វើ ការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ ថ្ងៃ ។ ក្រោយ ៧ ថ្ងៃហើយនោះ ខ្ញុំព្រះករុណាខ្ញុំនឹងជូន ដំនឹងបន្ថែម ទៅស្ថាប័នទាំងនោះ» ។សម្តេចបានបន្តថា «ធ្វើយ៉ាងដូច្នេះគឺយើង អាចបញ្ចៀសបាននូវ ហានិភ័យដែលយើងមិនទាន់ស្គាល់នូវ អ្នកដែលមានការពាក់ព័ន្ធ ។ ព្រោះពិតជាច្របូកច្របល់ ខ្លាំងណាស់នៅពេលនេះ មានការឆ្លងនៅក្នុងក្របខណ្ឌនគរបាល មន្ត្រីរាជការ រហូតដល់សិល្បករ សិល្បការិនី ផងដែរ » ៕