ខេត្តពោធិសាត់:អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅធនិន និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ នឹងជំងឺកូវីដ១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គល សង្ស័យផ្ទុកជំងឺកូវីដ១៩ និងបង្កើតក្រុមការងារ ដើម្បីទទួលពលករ ដែលសម្រុកវិលត្រឡប់មក ពីប្រទេសថៃ ឱ្យមកធ្វើចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៨មិ នា២០២១ នៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួម ពីអស់លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ អធិការក្រុង.ស្រុក.ប្រធាន. អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក អាជ្ញាធ. ឃុំ .សង្កាត់ អធិការក្រុង.ស្រុកចូលរួមជាច្រើនផងដែរ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ អភិបាលខេត្តពោធិសាត់ លោក ម៉ៅ ធនិន បានឱ្យដឹងថា តាមរយៈសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ សម្តេចបានអនុញ្ញាតឱ្យពលករដែលវិល ត្រឡប់មកពីប្រទេសថៃ ដែលពិនិត្យថាមានសុខភាពល្អប្រសើរ មិនប្រឈមការកើតកូវីដ១៩នោះ អាចផ្លាស់ប្តូរទីតាំងចត្តាឡីស័ក មកស្រុកកំណើតរបស់ពួកគេបាន ហើយបណ្តា ស្រុក.ក្រុងខេត្តសាម៉ីត្រូវត្រួតតែពិនិត្យលើការងារនេះឱ្យបានហ្មត់ចត់ ដែលកិច្ចការធ្វើនេះ គឺដើម្បីសម្រាលស្ថានការណ៍នៅតាមខេត្តដែលនៅជាប់និងព្រំដែនកម្ពុជា.ថៃ ។
ដោយឡែកខេត្តពោធិ៍សាត់ ត្រូវត្រៀមខ្លួនរួចរាល់ហើយផងដែរ ក្នុងការទទួលពួកគេឱ្យមក ធ្វើចត្តាឡីស័ក នៅតាមបណ្តាលក្រុង ស្រុក ដោយគិតពីការគ្រប់គ្រងសុវត្ថិភាព ការផ្តល់អាហារ ហូបចុក និងចំនួនពលករចាប់ពីចំណុចចេញដំណើរ រហូតមកដល់មណ្ឌលចត្តាឡីស័ក ។
អភិបាលខេត្តពោធិសាត់លោក ម៉ៅ ធនិន បានធ្វើការណែនាំដល់ក្រុមការងារ ដែលមានបែងចែក ក្នុងសេចក្តីសម្រេច ត្រូវដឹកនាំ គ្រប់គ្រង ចាត់ចែង រៀបចំតាមមណ្ឌលចត្តាឡីស័ក ក្រុង ស្រុក ដែលខ្លួនទទួលបន្ទុក ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍ ពីសភាពរួម នៅតាមមណ្ឌល ចត្តាឡីស័កនីមួយៗ ចំពោះមុខគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្នុងនោះផងដែរ មន្ទីរជំនាញពសក់ពន្ធ ត្រូវសហការជាមួយក្រុមការងារតាមបណ្តា ក្រុង ស្រុក ដោយរិះរកគ្រប់មធ្យោបាយ ដើម្បីរៀបចំកន្លែងស្នាក់នៅ សាងសង់បន្ទប់ទឹកបន្ថែម ជីកស្រះ ឬអណ្តូងទឹក តបណ្តាញអគ្គីសនី និងមានអាហារហូបចុកគ្រប់គ្រាន់ នៅតាមមណ្ឌលចត្តាឡីស័ក ដែលខ្លួនគ្រប់គ្រងទទួលខុសត្រូវ ។គួបញ្ជាក់ផងដែរថា ដោយសារតែចំនួនពលករខ្មែរវិលត្រឡប់មក ពីប្រទេសថៃ មានចំនួនកាន់តែច្រើននោះ រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង មណ្ឌលចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុកនៅ ក្នុងខេត្តពោធិ៍សាត់ ដើម្បីទទួលពលករទាំងនោះដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដោយមាននៅក្រុងពោធិ៍សាត់ មានចំនួន២កន្លែង និងត្រៀមបន្ថែម៣កន្លែង. ស្រុកបាកាន មានចំនួន៥កន្លែង. ស្រុកកណ្តៀង មានចំនួន៤កន្លែង. ស្រុកក្រគរ មានចំនួន៣កន្លែង.ស្រុកតាលោសែនជ័យ មានចំនួន២កន្លែង. ស្រុកភ្នំក្រវាញ មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែង, ទៀតនៅឯស្រុកវាលវែងផងដែរ៕ សាន ផល្លា