ព្រះសីហនុៈ នារសៀលថ្ងៃសៅរ៍ ៨រោជ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជនជាតិវៀតណាមចំនួន០៣នាក់ បានស្នាក់នៅ ដោយពួកគាត់មានការឡើងកំដៅខ្លាំង ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ ក្នុងនោះអ្នកពាក់ព័ន្ធជាជនជាតិខ្មែរចំនួន០៣នាក់ទៀតដែលជាម្ចាស់ផ្ទះសំណាក់ក៏ត្រូវបានយកសំណាកពិនិត្យផងដែរ។ដោយឡែកផ្ទះសំណាក់នេះត្រូវបានហ៊ុព័ទ្ធទុកធ្វើជាចត្តាឡីស័កជាបណ្តោះអាសន្នសិន។ជាមួយគ្នានេះដែរអាជ្ញាធរក៏បានណែនាំឱ្យក្រុមគ្រួសាររបស់ម្ចាស់ផ្ទះសំណាក់ដែលស្នាក់នៅផ្ទះផ្សេងមួយកន្លែងទៀត ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះ និងតាមដានសុខភាពរយ:ពេល១៤ ថ្ងៃផងដែរ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រសាសន៍ថា ទោះបីករណីនេះជាការសង្ស័យ ក៏យើងត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកសំណាកទៅធ្វើ តេស្តដើម្បីមានភាពប្រាកដប្រជានិងហ៊ុព័ទ្ធទីតាំង ព្រមទាំងធ្វើចត្តាឡីស័ក អ្នកដែលមាន ការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល។ ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ការណែនាំដល់ គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងដឹកនាំការងារអនុវត្តឱ្យបាន ហ្មត់ចត់បំផុតដោយសហការជាមួយជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញសុខាភិបាល ដើម្បីគ្រប់គ្រងលើទីតាំងដែលមានការសង្ស័យ និងស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធ សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕ពីស្រុកព្រៃនប់ (វាលរិញ)