អ្នកភូមិប្រទះឃើញសពអណ្ដែតទឹកក្នុងស្ទឹងសែន ត្រង់ចំណុច នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ

កំពង់ធំ. នៅថ្ងៃទី២០ ខែតុលា ២០២៣នេះ ប្រជាពលរដ្ឋភូមិអន្លុងក្រសាំង ឃុំកំពង់ស្វាយ បានប្រទះឃើញសពអណ្តែតទឹកស្ទឹងសែន ត្រង់ចំណុចអូរដៀប ភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយបានឱ្យដឹងថា សពឈ្មោះ ស៊ុន ចាន់ថន ហៅ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ នៅភូមិប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោកអធិការស្រុកកំពង់ស្វាយ បានបន្តទៀតថា តាមការបំភ្លឺពីឈ្មោះ លី ទិត្យ ភេទប្រុស ត្រូវជាបងថ្លៃ និងមេភូមិប្រឡាយឈ្មោះ ជា អុលឱ្យដឹងថា សពនេះគេដឹងថា ជាមនុស្សញៀនស្រា ហើយពេលផឹស្រវឹងម្តងៗវង្វេងរត់ពាសវាលពាសកាល ដោយស្រែកថាមានគេដេញសម្លាប់ ហើយក៏ធ្លាប់រត់ចូលទឹកច្រើនដងដែរតែត្រូវបានគេជួយ ។ កាលនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ប្រពន្ធចេញទៅរកស៊ី ទុកឱ្យជនរងគ្រោះខាងលើនេះ នៅមើលកូននិងនៅជាមួយម្តាយចាស់ ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ សពបានផឹកស្រាហើយក៏បាត់ខ្លួនពុំដឹងទៅណាទេ ម៉ែក្មេកបងប្អូនតាមរកក៏រកមិនឃើញ លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ទើបរកឃើញបានស្លាប់បាត់ទៅហើយ ។

លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយបានបញ្ជាក់ថា ក្រោយពីទទួលដំណឹងកម្លាំងជំនាញ ប៉ុស្តិ៍ មេភូមិឃុំ និងមន្ត្រីពេទ្យ បានធ្វើការពិនិត្យកន្លែងកើតហេតុ និង ធ្វើកោសល្យវិច័យសព ពុំមានពាក់ព័ន្ធករណីឃាតកម្មឡើយ គឺស្លាប់ដោយសារលង់ទឹក មូលហេតុ ស្រវឹងស្រាជាប្រចាំ និងមានជម្ងឺសសៃប្រសាទ ដើរធ្លាក់ទឹកបណ្តាលឱ្យលង់ស្លាប់តែម្តង៕

 

បច្ចុប្បន្នសពខាងលើត្រូវបានកម្លាំងនគរបាលស្រុកកំពង់ស្វាយ បានប្រគល់ឱ្យសាច់ញាតយកទៅធ្វើបុណ្យ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *