ព្រះវិហារ៖ នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ ឧត្ដមសេនីយ៍ឯក ជុំ ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជើញ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ។
ពិធីនេះធ្វើឡើងក្រោមកិច្ចស្វាគមនយ៉ាងកក់ក្ដៅ ពីសំណាក់ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ រួមនិងអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំកងទ័ពជើងគោក ថ្នាក់ដឹកនាំយោធភូមិភាគទី៤ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារជាច្រើនរូប ។
ក្នុងពិធីសំណេះសំណាលនោះដែរ លោកជំទាវ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ បានកោតសសើរនិងវាយតម្លៃខ្ពស់ដល់កងកម្លាំងកងទ័ពជាស្រ្តីនូវការ ខិតខំបំពេញភារកិច្ច របស់អង្គភាព ដែលរក្សាបាននូវភាពសហការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រដែលតំបន់ឈរជើង ដែលផ្ដើមចេញពី កិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងឈរជើងតាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក និងស្រុក អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន។ជាមួយគ្នានោះដែរ លោកជំទាវ ឧត្ដមសេនីយ៍ឯក ជុំ ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ បានក្រើនរំលឹកដល់នាយទាហាន ពលទាហាន ជាស្រ្តីទាំងអស់ ត្រូវគោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌ រស់នៅស្អាត ស្អំ និងរក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ ឥតងាករេ ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស កម្លាំងកងយោធពលខេមរភូមិន្ទត្រូវតែស្មោះត្រង់ ក្នុងការការពារបូរណភាពទឹកដី៕