ប្រជាពលរដ្ឋក្នុងភូមិផ្សារព្រំបារម្ភពីកូនៗរបស់ខ្លួនចូលលេងក្នុងក្លឹបកំសាន្តភ្លេចផ្ទះ ភ្លេចការសិក្សា ហើយសង្ស័យមានករណីប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបនេះដែរ

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មួយចំនួន កំពុងព្រួយបារម្ភអំពីសុវត្ថិភាពកូនៗ របស់ខ្លួន ខណ:ដែលមានក្លឹបកម្សាន្តមួយកន្លែងនៅក្បែរច្រកទ្វារអន្តរជាតិព្រំ យីហោ «អេច ណាយក្លឹប» ស្ថិតក្នុង ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានពង្វក់ស្មារតីកូនចៅរបស់ខ្លួន ឱ្យចូលទៅលេងកម្សាន្តភ្លេចការងារ ភ្លេចផ្ទះសម្បែង និងភ្លេចការរៀនសូត្រថែមទៀត ខណ:ក្លឹបកម្សាន្តមួយនេះ សង្ស័យមានមន្រ្តីយោធាម្នាក់ កំពុងឈរកាងការពារថែមទៀតផង។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំ បានបង្ហើបឱ្យដឹងថា ៖ ចាប់តាំងពីមានការបើកក្លឹបកម្សាន្តយីហោ «អេច ណាយក្លឹប» កូនចៅរបស់ពួកគាត់មួយចំនួន ចាប់ផ្តើមវក់ដើរលេងដាច់យប់ ហើយមានទាំងក្មេងស្រីៗ ចាប់ផ្តើមសាក់រូបនៅលើដៃជើងខ្នង ដើម្បីបង្អួតដាក់គ្នាក្លាយជាអ្នកលេង។ ប្រភពដដែលបន្តទៀតថា ក្លឹបកម្សាន្តមួយនេះ ចាប់ផ្តើមដំណើរការបើកលេងនាពេលរសៀលរហូតដល់យប់ជ្រៅជិតភ្លឺទើបបិទ ហើយក៏មានមនុស្សក្មេងចាស់ប្រុសស្រី ចូលទៅលេងយ៉ាងសប្បាយ ដែលធ្វើឱ្យកូនចៅរបស់ពួកគាត់មួយចំនួនភ្លេចបាយភ្លេចទឹក និងភ្លេចការរៀនសូត្រ។

ប្រភពដដែលបញ្ជាក់ថា ក្លឹបកម្សាន្តមួយនេះ គេសង្ស័យមានករណីប្រើប្រាស់គ្រឿងញៀន និងប្រើបារីអេឡិចត្រូនិក ដែលធ្វើឱ្យយុវជន ដែលចូលទៅនាំគ្នារាំលេងសប្បាយរហូតដល់ភ្លេចខ្លួន ក៏មានយុវជនខ្លះ ដើរលេងដាច់ដំណេក បណ្តាលឱ្យកើតខ្យល់គ.ស្លាប់ កាលពីថ្មីៗ កន្លងទៅផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានសំណូមពរឱ្យអាជ្ញាធរខេ ត្តប៉ៃលិន ចុះស៊ើបអង្កេតក្លឹបកម្សាន្តខាងលើ ដើម្បីទប់ស្កាត់ករណីប្រើប្រាស់គ្រឿងញៀន និងរក្សាភូមិឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាពិសេសក្មេងៗ ស្ថិតនៅក្នុងវ័យសិក្សា ដែលចូលទៅលេងកម្សាន្តរហូតដល់ដាច់យប់ ឱ្យឈប់ចូលទៅលេងនៅក្នុងក្លឹបខាងលើនេះបន្តទៀត ព្រោះនាំឱ្យខូចអនាគតទំពាំ ងស្នឫស្សីផងដែរ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើងបានទាក់ទងតាមទូរស័ព្ទទៅសួរនាំលោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីពន្យល់ព័ត៌មានទាក់ទងនឹងក្លឹបខាងលើ តែលោកបានឆ្លើយតបថា កំពុងជាប់រវល់បើករថយន្ត មិនអាចពន្យល់អ្វីបាននោះទេ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *