តំណាងរាស្ត្រ មាស សុភា អំពាវនាវព្រះសង្ឃ និងប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្ដមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ

ព្រះវិហារ៖ ឯកឧត្ដម  មាស សុភា តំណាងរាស្ត្រមណ្ឌលព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាពជុំវិញខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តគោកបេង ស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ឯកឧត្ដម  មាស សុភា ក៏បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតាប្រជាពលរដ្ឋ ពីការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្រោមដំបូលសុខសន្តិភាព ដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រី។ លោកអំពាវនាវព្រះសង្ឃ និងប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព ឲ្យនៅស្ថិតស្ថេរយូរអង្វែង ដើម្បីបន្ដការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យតទៅមុខទៀត។

តំណាងរាស្ត្រ មាស សុភា និងក្រុមការងារ បានវេប្រគេននូវបច្ច័យ ទេយ្យវត្ថុ និងសម្ភារផ្សេងៗ ប្រគេនព្រះសង្ឃ និងបានរាប់បាត្រ ឧទ្ទិសកុសល ជូនដល់វិញ្ញាក្ខន្ធបុព្វការីជនដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *