ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ ត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ នៅស្រុកប្រាសាទសំបូរ

ខេត្តកំពង់ធំ. នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ  សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្តកំពង់ធំ  និងអភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ អញ្ជើញទៅត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឃឹម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ   ខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងរយៈពេលជាង១០ ថ្ងៃកន្លងមកនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យជំនន់ទឹកភ្លៀងបង្ករការប៉ះពាល់នៅតាមបណ្ដាភូមិ  ឃុំមួយចំនួនរបស់ស្រុកប្រាសាទសំបូរ។ ហើយកន្លងមកថ្មីៗនេះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានកុមារពីរនាក់ ដែលធ្វើដំណើរមកតាមឪពុកទៅបង់សំណាញ់  ហើយត្រូវបានទឹកហូរគួចបណ្តាលឲ្យលង់ទឹក ទទួលមរណភាព នៅភូមិចារ្យ ឃុំឈូក ស្រុកប្រាសាទសំបូរ  ខេត្តកំពង់ធំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍  គន់ គីម បានណែនាំដល់អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពក្នុងកាលៈទេសៈ ដែលទឹកជំនន់នៅតែបន្តកើនឡើង។ ជាមួយនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធត្រូវវាយតម្លៃឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ បញ្ហា ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ មានជីវភាពលំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ ដែលកើតមានឡើង ដើម្បីត្រៀម ស្តារការខូចខាត និង ដោះស្រាយជូនប្រជាពលរដ្ឋយើងឲ្យបានសមស្ប និង ទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាឲ្យឧត្តម សេនីយ៍ ទោ សោម  ស៊ុន  មេបញ្ជាការ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយបណ្ដាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ ដែលកើតមានឡើងនៅក្នុងឱកាសនេះឲ្យទាន់ពេវេលា   ហើយ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍អំពីការប្រុងប្រៀបកងកម្លាំង សម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរសម្រាប់ចល័តអន្តរាគមន៍បានរួចរាល់ ហើយប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ដេីម្បី បម្រើ ប្រជាជន។

សូមបញ្ជាក់ថារហូតមកដល់ថ្ងៃទី២៦.ខែកញ្ញានេះកម្ពស់ទឹកស្ទឹងសែនហក់ឡើងដល់១៣,៧៤ម៉ែត្រ.លើសកម្រឹតប្រកាសការប្រុងប្រ័យត្នត្រឹម១៣,៥០ម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *