កំពង់ធំ. លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានភារកិច្ចត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ក្នុងពេលដែលទឹកស្ទឹងសែន ហក់ឡើងលើសកម្រិតប្រកាសការប្រុងប្រយ័ត្នថ្ងៃនេះ។
ការត្រៀមនេះនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងបទបញ្ជារបស់ឯកឧត្តម ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ, តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមកងកម្លាំងគ្រប់គ្រាន់ និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់នៅក្នុងខេត្តកំពង់ធំ។
សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កម្រិតកម្ពស់ទឹកនៅតាមដងស្ទឹងសែន មានកម្ពស់រហូតដល់ទៅ ១៣,៦០ម៉ែត្រ ខពះដែលកម្រិតទឹកដែលត្រូវប្រកាសការប្រុងប្រយ័ត្ននៅតាមដងស្ទឹងសែន មានកម្ពស់ ១៣,៥០ម៉ែត្រ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឱ្យកងកម្លាំងអន្តរាគមន៍ទាំងអស់ត្រូវត្រៀមខ្លួននៅនឹងកន្លែងព្រមទាំងមធ្យោបាយដឹកជញ្ជូន និងសម្ភារផ្សេងៗសម្រាប់ធានាអាយុជីវិតក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់និងត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីត្រៀមជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
ជាមួយគ្នានេះ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបេ្តជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំឲ្យទទួលបានជោគជ័យដើម្បីប្រជាជន៕