ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ មានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវរកដំណោះស្រាយរួមពីទិដ្ឋភាពជាក់ស្តែងពីព្រោះថា ផែនដីនិងផែនទីវាពុំដូចគ្នាទេ ដូច្នេះក្នុងនាមយើងជាអាជ្ញាធរស្រុក-ឃុំ ត្រូវបង្កេីនការយកចិត្តទុកដាក់ឲ្យបានខ្ពស់លេីការងារមួយនេះ ក្នុងការចុះត្រួតពិនិត្យដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារឡេីងវិញ ព្រៃឈេីក្រសាំងជាប្រចាំ ។ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ ដូច្នេះនៅក្នុងឱកាសដែលបានអញ្ជើញជាអធិបតីនៅក្នុង កិច្ចប្រជុំពិភាក្សាលើករណី នៃការប្រើប្រាស់ដីស្ថានីយ៍ផ្សព្វផ្សាយនិងស្ដារឡើងវិញ ព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំរបស់សាលាខេត្តស្វាយរៀង។
ពិធីនេះក៏មានការចូលរួមពីសំណាក់ លោកអភិបាលស្រុករមាសហែក លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានផ្នែករដ្ឋបាលព្រៃឈើស្រុក លោកប្រធានការិយាល័យសូរិយោដីភូមិបាលស្រុក លោក-លោកស្រីមេឃុំ អណ្ដូងត្របែក, ក្រសាំង, ត្រស់ និងអ្នកដែលពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា: ចាប់ពីពេលនេះតទៅបេីសិនជាប្រជាពលរដ្ឋមួយណានៅតែបន្តធ្វេីសកម្មភាពចាប់យកដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារឡេីងវិញ ព្រៃឈេីក្រសាំង យកមកធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀត សូមអជ្ញាធរដែលមានសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ ទន្ទឹមនេះអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា: ដើម្បីដោះស្រាយបញ្ហាទាំងនោះឲ្យឆាប់រួចរាល់មន្ត្រីជំនាញត្រូវសិក្សាពីសាវតា របស់ដីឡើងវិញដោយត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់ដើម្បីធ្វើរបាយការណ៍បំភ្លឺទៅស្ថាប័នដែលមានការពាក់ព័ន្ធជាមួយនិងកិច្ចការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានងាយស្រួលក្នុងការចេញបណ្ណកម្មសិទ្ជិស្របច្បាប់៕