កណ្តាល ៖ ពីរនាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពលួចម៉ូតូចាស់មួយគ្រឿង នាថ្ងៃទី១២កញ្ញាឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីយប់ នៅចំណុចមាត់បឹង ភូមិ-សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ នឹម ធឿន ភេទប្រុស អាយុ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ។ចំណែកជនសង្ស័យ ២នាក់រួមមាន ១-ឈ្មោះ រិន សុវណ្ណារាជ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅស្រុកខ្សាច់កណ្តាល និង ២-ឈ្មោះ វ៉ែន ច័ន្ទណាវីន ភេទស្រី អាយុ២៨ ឆ្នាំ រស់នៅស្រុកខ្សាច់កណ្តាល ។
វត្ថុតាងចាប់យក ១- ម៉ូតូម៉ាកHONDA C110 ចាស់ ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ ជារបស់ជនរងគ្រោះនិងសម្ភារមួយចំនួន ។
សមត្ថកិច្ចបម្តថា នៅថ្ងៃទី១២កញ្ញាឆ្នាំ២០២៣ វេលាម៉ោង២រសៀល ជនសង្ស័យឈ្មោះ រិន សុវណ្ណារាជ បានយកកាំបិតចិតបន្លែមានចុងស្រួចចំនួនមួយនិងជំពាមកៅស៊ូចំនួនមួយដាក់តាមខ្លួន ហើយបានជិះកង់របស់ប្អូនឈ្មោះ រិន រក្សា តួស្រី មានកន្រ្កកពណ៌ក្រហម ឌុបប្រពន្ធឈ្មោះ វ៉ែន ច័ន្ទណាវីន ចេញពីផ្ទះនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ទៅផ្ទះបងថ្លៃនៅខាងបឹងទំពុន ដោយជិតកាត់តាមបណ្តាយផ្លូវជាតិលេខ ៨ រួចបត់ចូលតាមតំបន់ផ្លូវក្រុមហ៊ុន 7NG ។
ពេលជិះដល់ក្បែរហាងមួយកន្លែង ជនសង្ស័យបានឃើញម៉ូតូមួយគ្រឿងម៉ាកHONDA C110 ចាស់ គ្មានស្លាកលេខ ដែលជារបស់ជនរងគ្រោះឈ្មោះ នឹម ធឿន បានចតទុកចោលក្បែរមាត់បឹង ក៏ធ្វើសកម្មភាពឡើងធាក់បញ្ឆេះម៉ូតូ បន្ទាប់មកប្រពន្ធរបស់ជនសង្ស័យឈ្មោះវ៉ែន ច័ន្ទណាវីន លើកកង់ដែលបានជិះមកដាក់លើម៉ូតូបម្រុងបើកគេចខ្លួន ភ្លាមនោះត្រូវបានសន្តិសុខការពារនៅក្នុងតំបន់ 7NG មកទាន់ឃើញក៏ខាត់ជនសង្ស័យទាំងពីរនាក់ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្របន្តចាត់ការតាមនីតិវិធី៕