ឯកឧត្តម ងួន រតនៈ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកសម្ភារៈ ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កងកម្លាំងនៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ-១៩

បាត់ដំបង៖នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអផិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ សំណេះសំណាល កងកម្លាំងដែលឈរជើងគ្រប់គ្រងស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមខ្សែរបន្ទាត់ព្រំដែន និងបានចែកជូនជាសម្ភារៈ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនដែលជាអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង និងអាជីវករតាមរយៈ លោកឧកញ៉ា ភួ ពុយ លោកឧកញ៉ា អុឹង គឹមលី និងលោក កត បូរ៉ាន ព្រមទាំងសប្បុរសជន ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលឈរជើងនៅតាមព្រំដែនកម្ពុជា ថៃ ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។

អំណោយដែលត្រូវបានរៀបចំចែកជូននាពេលនេះរួមមាន មី១០០០កេស ទឹកបរិសុទ្ធ៥០០កេស និង២០០០យួរ ប្រេងឆា១៦៤ដប ត្រីខ១១៦០យួរ ទឹកត្រី៥០០យួរ ទឹកស៊ីអុីវ ៥០០យួរ សំពត់កៅស៊ូ២៥១ អំពូលសូឡា និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតជូនដល់ កងពលតូចថ្មើជើងលេខ៥៣ កងពលតូចថ្មើជើងលេខ៥២ កងការពារលេខព្រំដែន ៥០៤ សឹករងបាត់ដំបង នគរបាលវរៈការពារព្រំដែនគោកលេខ៨១៩ និងលេខ៨១៧ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងទាំងអស់ ជាពិសេសក្នុងកំឡុងពេលនៃការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះដែរក៏មានការការពារពលករមកពីប្រទេសថៃដែល ត្រូវនៅធ្វើចត្តាឡីស័ក១៤ថ្ងៃនៅតាមមណ្ឌលចត្តាឡីស័ក តាមបណ្ដោយព្រំដែនកម្ពុជា ថៃនេះផងដែរ ។ ឯកឧត្តម បានធ្វើការថ្លែងអំណរគុណដល់លោកឧកញ៉ា ភួ ពុយ និងលោកឧកញ៉ា អ៊ុង គឹមលី ព្រមទាំងសប្បុរសជន ដែលបានកៀរគររៃអង្គាសជាមួយអាជីវករក្នុងក្រុងបាត់ដំបង ចូលរួមជាថវិកា ជាសម្ភារៈផ្សេងៗទៀតដើម្បីចែកជូនកងវីរៈព្រំដែននាពេលនេះ ដែលកាយវិការនេះគឺស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុនសែន ដែលប្រជាពលរដ្ឋជាខឿនការពារជាតិជួរក្រោយ ចំណែកឯកងកម្លាំងជាខឿនការពារជាតិជួរមុខ ហើយមិនអាចអ្នកណាអាចខ្វះអ្នកណាបានឡើយ  ។ ឯកឧត្តម ងួន រតនៈ បានធ្វើការលើកទឹកចិត្តបន្តទៀតដល់កងកម្លាំងការពារវីរៈព្រំដែន និងកងកម្លាំងនានា ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការចូលរួមទប់ស្កាត់ការរីករាលជម្ងឺកូវីដ-១៩ និងទប់ស្កាត់ការផ្ទុះជាសហគមន៍ ព្រមទាំងទប់ស្កាត់ពលករដែលទើបតែមកពីប្រទេសថៃ ដោយត្រូវឲ្យពួកគាត់ដាច់ខាតចូលធ្វើចត្តាឡីស័ក១៤ថ្ងៃសិន នៅតាមមណ្ឌលចត្តាឡីស័កដែលអាជ្ញាធររៀបចំជូន ។ ឆ្លៀតឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំភ្លេចឲ្យសោះនូវជម្ងឺកូវីដ-១៩នេះ ព្រោះវានៅតែជាបញ្ហាចម្បង និងត្រូវប្រឈមមុខខ្លាំងជាងគេ បើគ្មានការចូលរួមទប់ស្កាត់ពីប្រជាពលរដ្ឋទេនោះ ឱកាសនៃការផ្ទុះជាសហគមន៍នឹងបង្កជាហានិភ័យ ហើយឱកាសនៃផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក៏រឹតតែប្រឈមមុខខ្លាំង៕ដោយ ឈុន ខែម

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *