ព្រះវិហារ៖. នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន និវត្តន៍ជន នៅទីបញ្ជាការផ្នែកសឹករងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោក បេង ប៊ុនថន ភេទប្រុស អាយុ ៥៩ឆ្នាំ ជាអតីតយុទ្ធជនបានទទួលមរណភាពដោយសារជម្ងឺ ពេលកន្លងមកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ជាមួយនេះផងដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក សម្តេច លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាក ជូនដល់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការសម្រួលបើកប្រាក់បៀវត្សរ៍ប្រចាំខែមួយខែ២ ដងយ៉ាងទៀងទាត់ និងទាន់ពេលវេលា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូននិងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាពគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល សម្រាប់ធ្វើបុណ្យសព ទៀតផង ហើយសកម្មភាពនេះសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត និងបន្តដឹកនាំឲ្យកាន់តែប្រសើរឡើងថែមទៀត ៕ដោយ៖ សេង ពិសិដ្ឋ