រដ្ឋបាលខេត្តព្រះវិហារ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការជានារីក្នុងឱកាសទិវានារីអន្ដរជាតិ ៨មីនា ឆ្នាំ២០២១

កាលពីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារីក្នុងខេត្ត ក្នុងឱកាសពិធីអបអរសាទរខួបលើកទី១១០ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិការណ៍កូវីដ១៩ » ដើម្បីរំលឹកឡើងវិញនូវការតស៊ូរបស់វីរៈស្រ្តី ក្នុងការធ្វើឱ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍនៅក្នុងសង្គម, ក្រោមវត្តមាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរាជការជានារីជាច្រើនរូបទៀត។  មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានថ្លែងថា យុទ្ធនាការថ្ងៃ៨មីនា ជាព្រឹត្តិការណ៍សកលលោក ហើយជារៀងរាល់ឆ្នាំប្រទេសកម្ពុជាយើងបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទាសិទ្ធសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព អំពីសមិទ្ធិផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានានៅក្នុងការលើកកម្ពស់សមភាពយេនឌរ័ និងបង្កើនភាពអង់អាចក្លាហានដល់ស្ត្រីនិងក្មេងស្រី ផងដែរ។  ឯកឧត្ដមបានបន្ថែមទៀតថា ស្របពេលដែលពិភពលោកបាននឹងកំពុងទទួលរងនូវការរីករាលដាលនៃជម្ងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការបង្ការទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺកូវីដ១៩ រហូតប្រទេសកម្ពុជាត្រូវបានការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់ ផ្តល់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ១៦៦ប្រទេស ដែលគ្រប់គ្រងការឆ្លងជម្ងឺកូវីដ១៩ បានល្អបំផុត៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *