កិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយបណ្ដាញសង្គម KSM2 ខេត្តព្រះវិហារ

ព្រះវិហារ៖ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំក្រុម ការងារផ្សព្វផ្សាយបណ្ដាញសង្គម KSM2 ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក កងកម្លាំងទាំងបី ប្រធាន អនុប្រធាន សមាជិក សមាជិកា ដែលជាថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានលើកឡើងថាកិច្ចប្រជុំគឺដើម្បីតាម ដាន និងជំរុញយន្តការប្រមូលព័ត៌មាន និងឆ្លើយតបឲ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ ហើយរដ្ឋ បាលខេត្តក៏បានផ្សព្វផ្សាយលេខទូរស័ព្ទទាន់ហេតុការណ៍ (៤៣៣៣) ផេកហ្វេសបុកផ្លូវការ របស់រដ្ឋបាលខេត្ត និងលេខតេឡេក្រាមរបស់រដ្ឋបាលខេត្ត (០១៧ ៤៣៣ ៤៣៣) ដើម្បីងាយស្រួលក្នុងការទទួលពាក្យបណ្តឹង និងសំណូមពរពីបងប្អូនប្រជាពល រដ្ឋក្នុងខេត្ត ។

ឯកឧត្តម គីម រិទ្ធី បានបន្ដទៀតថា នៅលើបណ្តាញផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ មាន ព័ត៌មានក្លែងក្លាយមួយចំនួន កំពុងបំភាន់មតិសាធារណជនឱ្យបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍ ប្រទេស ដែលជាការខិតខំប្រឹងប្រែងដោយលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងន័យនេះ ឯកឧត្តមក៏បានធ្វើការជំរុញដល់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង-ស្រុក ត្រូវបណ្ដុះបណ្ដាលបង្កើនសមត្ថភាពមន្ដ្រីក្រោមឱវាទរបស់ខ្លួន ក្នុងការប្រើប្រាស់បណ្ដាញសង្គម នានារួមមាន ហ្វេសប៊ុក តេឡេក្រាម និងតិកតុកជាដើម ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាន និង សមិទ្ធផលនានារបស់ខេត្តក៏ដូចជារាជរដ្ឋាភិបាល ។ ទន្ទឹមនោះក៏ត្រូវចេះប្រើមធ្យោបាយពី បណ្ដាញសង្គមទាំងនេះ ដើម្បីវាយបក ឬ បកស្រាយបំភ្លឺសាធារណៈមតិរាល់ព័ត៌មានញុះញង់ បំផុសបំផុល ឬ បំភ្លៃការពិតឱ្យបានទាន់ពេលវេលាផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *