រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យដំណើរការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ធំ

កំពង់ធំ.នៅថ្ងៃម្សិលមិញរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូ អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចុះពិនិត្យដំណើរការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងបន្តសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ព្រមទាំងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ។

 

ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ក៏ដូចជាទូទាំងប្រទេស ត្រូវពិនិត្យឲ្យបានច្បាស់លាស់ត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុនណាមួយធ្វើការផ្សព្វផ្សាយ និងលក់នូវផលិតផល ឬឳសថណាដែលគ្មានប្រភពច្បាស់លាស់ចៀសវាងមានផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ឱសថបំប៉នសុខភាព ដែលគ្មានប្រពភច្បាស់លាស់ ដែលបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

សម្រាប់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានផ្ដល់អនុសាសន៍ដល់មន្រី្ដ-បុគ្គលិក ចំនួន ៩ចំណុច និងចំណុចអាទិភាពចំនួន៣ ក្នុងចំណោមអាទិភាពទាំងឡាយសម្រាប់អាណត្តិទី៧នេះ ដើម្បីសេវាថែទាំ ឱ្យកាន់តែប្រសើរថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា «ដើម្បីឲ្យការងារយើងជោគជ័យមន្ត្រីបុគ្គលរបស់យើងត្រូវចេះស្រលាញ់គ្នា សាមគ្គីភាពគ្នា គោរពវិន័យការងារ មានក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវគិតផលប្រយោជន៍រួម រួមទាំងត្រូវគោរពឋានានុក្រមការងារ។ លើសពីនោះមន្ត្រីបុគ្គលិកយើងត្រូវបុរេសកម្ម ហើយពួតដៃគ្នា ដើម្បីបម្រើប្រជាពលរដ្ឋ»។

សូមជម្រាបថា ក្នុងឱកាសដឹកនាំគណៈប្រតិភូ និងក្រុមការងារបច្ចេកទេសសុខាភិបាល ចុះពិនិត្យវឌ្ឍនការងារនៅតាមមូលដ្ឋានសុខាភិបាល ឯកឧត្តមរដ្ឋមន្ដ្រី ឈាង រ៉ា ក៏បានស្វែងយល់អំពីដំណើរវិវឌ្ឍនៃការបម្រើសេវាព្យាបាលប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត។ក្នុងនោះ ឯកឧត្តមសាស្ដ្រាចារ្យ ក៏បានផ្ដល់គន្លឹះនៃព្យាបាលប្រជាពលរដ្ឋ ពិសេសសារៈប្រយោជន៍ការសង្គ្រោះបន្ទាន់ដល់ក្រុមគ្រូពេទ្យ ដើម្បីអនុវត្ដកាន់តែមានប្រសិទ្ធជូនពលរដ្ឋ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *