ខេត្តស្វាយរៀង៖ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ពេជ្រវីរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ឯក សោមសុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងបញ្ជាផ្ទាល់ចុះធ្វើការបង្ក្រាបជនសង្ស័យមួយក្រុមមានគ្នា ៤ នាក់កាប់បំផ្លាញម៉ូតូ ទ្រព្យសម្បត្តិ របស់អ្នកដទៃកាលពីថ្ងៃទី២៦.ខែសីហា.ឆ្នាំ២០២៣
នៅ វេលាម៉ោង៨:២៥នាទីព្រឹកប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួសដោយបានទទួលពាក្យបណ្តឹងពីម្ដាយជនរងគ្រោះ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ បានមកដាក់ពាក្យបណ្តឹងថា មានជនសង្ស័យជាច្រើននាក់(ជាមមនុស្ស)ដែលរស់នៅភូមិអង្កាញ់,ភូមិប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានជិះម៉ូតូដេញកាប់កូនរបស់ខ្លួន ប៉ុន្តែមិនត្រូវដោយកូនខ្លួនផ្តួលម៉ូតូរត់គេចខ្លនទាន់នៅពេលនោះជនសង្ស័យ និងក្រុមបក្សពួកបានរួមគ្នាកាន់ដាវកាប់ម៉ូតូខ្ទេចអស់។
បើលោកវរសេនីយ៍ឯក សោមសុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា៖បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចហើយ កម្លាំងជំនាញស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាសួស បានចុះដល់កន្លែងកើតហេតុ និងបានកសាងសំណុំរឿង និងបានស្តាប់ការបំភ្លឺពីជនរងគ្រោះ និងសាក្សី បានឆ្លើយបំភ្លឺថា កាលពីថ្ងៃទី២៥.០៨.២០២៣ វេលាម៉ោង ១៥និង១០នាទី ខ្លួនបានជិះម៉ូតូចេញពីផ្ទះ ឌុបមិត្តទៅរៀននៅសាលាវិទ្យាល័យហ៊ុនសែនក្រោលគោ ។
ប្រភពបានបន្តទៀតថា៖នៅពេលកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមាន ជនសង្ស័យជាច្រើននាក់បានជិះម៉ូតូចំនួន០៣គ្រឿងកាន់ដាវដេញកាប់រហូត ដល់ចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខ្លួន(ជនរង)ក៏ផ្តួលម៉ូតូរត់គេចខ្លួនទាំង០៣នាក់ ពេលនោះក្រុមបក្សពួកជនសង្ស័យបាននាំគ្នាកាប់ម៉ូតូខ្លួនខ្ទេចអស់។
លោកវរសេនីយ៍ឯក សោមសុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា៖ក្រោយពីបានស្តាប់ការបំភ្លឺជនរងគ្រោះនិងសាក្សីរួចហើយ អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូន លោកឧត្តមសេនីយ៍ទោ ស្នងការ និងបានរាយការណ៍សុំយោបល់ ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវ និងស្វែងរកឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក សោមសុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបន្តឲ្យដឹងទៀតថា ក្រោយពីបានការអនុញ្ញាត ពីឯកឧត្តមព្រះរាជអាជ្ញា រួចហើយ កម្លាំងជំនាញស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានចុះមកសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រធាតុ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅថ្ងៃទី២៦.០៨.២០២៣ វេលាម៉ោង១៤ៈ៤៥នាទី ។ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាក្រុមរបស់ខ្លួនពិតជាបាននាំគ្នាខ្លះកាន់ដាវខ្លះកាន់ជំពាមកៅស៊ូ ដេញបាញ់ និងកាប់ទៅលើជនរងគ្រោះពិតមែនប៉ុន្តែជនរងគ្រោះបានផ្តួលម៉ូតូរត់គេចខ្លួនហើយក្រុមខ្លួនក៏កាប់ម៉ូតូបណ្តាលអោយបាក់បែកខូចខាតមែន។
បច្ចុប្បន្នសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ចាប់យកវត្ថុតាង ដាវចំនួន០១ ម៉ូតូចំនួន០២គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។