ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន

កំពង់ធំ.នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុងស្ទឹងសែន បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់  ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ   ។

លោកវរសេនីយ៍ទោ កែ ម៉ៃ អនុប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា លោកព្រិន្ទបាលឯក  សោម ផាត អាយុ៧៥ឆ្នាំ ចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៨៣ នៅអង្គភាពយោធា ខេត្តកំពង់ធំ លោកមានតួនាទីជាអ្នកបើកបររថយន្តដឹកជញ្ជូនកងទ័ពទៅប្រយុទ្ធ ដឹកស្បៀងអាហារ និងគ្រឿងបរិក្ខាកងទ័ព សម្រាប់បម្រើឲ្យការប្រយុទ្ធនៅសមរភូមិ ដោយត្រូវឆ្លងកាត់គ្រោះថ្នាក់គ្រប់បែបយ៉ាង ដើម្បីប្រយុទ្ធការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបបប្រល័យពូជសាសន៍ ប៉ុលពត ។  នៅឆ្នាំ២០០០ លោកត្រូវបានក្រសួងការពារជាតិ ដាក់ឱ្យចូលនិវត្តន៍តាមការកំណត់។ លោក សោម ផាត បានទទួលមរណភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នេះ​ ដោយជំងឺគាំងបេះដូង នៅគេហដ្ឋានរបស់លោកនៅភូមិក្រចាប់សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោក សោម ផាត ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ជាមួយនេះផងដែរឧត្តម សេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាពេល​កន្លង​មក​ សម្តេចលោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាក ជូនដល់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការ​សម្រួល​បេីកប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​មួយ​ខែ​២​ ដង​យ៉ាង​ទៀងទាត់​ និង​ទាន់​ពេល​វេលា​ ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូននិងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាពគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល សម្រាប់ធ្វើបុណ្យសព ទៀត​ផង​ ហើយ​សកម្មភាព​នេះ​ឯក​ឧត្ដម​កិត្តិទេសាភិបាលបណ្ឌិតហ៊ុន​ម៉ាណែត​ និង​បន្ត​ដឹកនាំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែមទៀត​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *