ព្រះវិហារ៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត តំណាងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត ដើម្បីប្រមូលធាតុចូល រៀបចំឱ្យមាន ផែនការត្រៀមបម្រុង ដើម្បីត្រៀមបង្ការ ទប់ស្កាត់គ្រោះមហន្ដរាយ ដែលអាចនឹងកើតមានឡើងនៅក្នុង ភូមិសាស្ដ្រខេត្តព្រះវិហារ រួមនិងការពិនិត្យ ពិភាក្សា និងអនុម័ត ដើម្បីឈានទៅដល់ការបោះពុម្ពផ្សាយ ឱ្យបានឆាប់ នូវសៀវភៅផែនការត្រៀមបម្រុង ឆ្លើយតបគ្រោះអាសន្ន គ្រោះមហន្ដរាយទឹកជំនន់ និង គ្រោះរាំងស្ងួត ឆ្នាំ២០២៣។ កិច្ចប្រជុំនេះបាន ប្រព្រឹត្តិទៅនៅសាលប្រជុំធំអគាររដ្ឋបាលសាលា ខេត្តព្រះវិហារ ដោយមានការចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្ដរាយខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុក គឹមសាន បានគូសបញ្ជាក់ថា កិច្ចប្រជុំដែលធ្វើឡើងនាឱកាស នេះ គឺដើម្បីប្រមូលធាតុចូល និងក្ដាប់ឱ្យបាននូវរាល់ព័ត៌មានផ្សេងៗ ដើម្បីរៀបចំផែនការត្រៀម បង្ការគ្រោះមហន្ដរាយ ដែលជាវិធានការ ឬសកម្មភាពសម្រាប់អនុវត្តមុនពេល ក្នុងពេល និងក្រោយ ពេលមានគ្រោះអាសន្ន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីទប់ទល់ទៅនឹងទំហំនៃគ្រោះ មហន្ដរាយ ពីធំមកតូច និងពីធ្ងន់មកស្រាល សំដៅជួយកាត់បន្ថយគ្រោះមហន្ដរាយកើតឡើងជាយថា ហេតុ និងជួយសំរាលរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ។
ជាមួយនេះលោកថា ចំពោះសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្ដរាយទឹកជំនន់ និងរាំងស្ងួត គឺយោងតាមគោលការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលគ្រប់រាជធានី-ខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្ដរាយទឹកជំនន់ និង រាំងស្ងួត និងបោះពុម្ពផ្សព្វផ្សាយរៀងរាល់ ០១ឆ្នាំម្ដង ដែលក្នុងហ្នឹងនាំឱ្យរកឃើញនូវសេនារីយ៉ូមួយ ចំនួន ដូចជាមុខសញ្ញានៃគ្រោះមហន្ដរាយ និងសេចក្ដីត្រូវការពេលមានគ្រោះមហន្ដរាយ, បង្ហាញនូវ ការសហការ និងការគ្រប់គ្រងបច្ចេកទេស នៃប្រតិបត្តិការជំនួយសង្គ្រោះ, បង្កើតផែនការសកម្មភាព អាទិភាព, រកឃើញនូវធនធាន និងសមត្ថភាពរបស់អាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍន៍ដែលកំពុងអនុវត្ត ការងារនៅក្នុងខេត្ត, បង្ហាញនូវចំណុចខ្វះខាតផ្នែកសមត្ថភាពរបស់អាជ្ញាធរខេត្ត និងអង្គការដៃគូ ពិសេសដើម្បីរៀបចំឱ្យអ្នកពាក់ព័ន្ធក្នុងខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ អាចឆ្លើយតបយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ដ៏សមស្របទៅនឹងព្រឹត្តិការណ៍គ្រោះមហន្ដរាយ ហើយស្វែងរកនូវអ្វីដែលត្រូវ ធ្វើនាថ្ងៃអនាគត ក្នុងការត្រៀមបង្ការ ដើម្បីកាត់បន្ថយនូវឥទ្ធិពលជាអវិជ្ជមាននៃគ្រោះមហន្ដរាយ៕