ខេត្តស្វាយរៀង៖នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍។
អញ្ជើញចូលរួមក្នុងពិធីនេះមានអស់លោកលោកស្រីជាប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រីជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងការិយាល័យនានាជុំវិញស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងសមាគម អង្គការសង្គមស៊ីវិលដែលកំពុងធ្វើសកម្មភាពក្នុងស្រុកកំពង់រោទិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ឯកឧត្តម សុខ រស់ បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភារកិច្ចប្រកបដោយការសាមគ្គីភាព ក្នុងជួរគណៈអភិបាលក្រុង-ស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោក ឃុត គីម ត្រូវបានតែងតាំងជា អភិបាលរងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ឯកឧត្តមក៍បានថ្លែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានរួមសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើររួមចំណែកជាមួយរដ្ឋបាលខេត្ត តាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់មិនត្រឹមតែចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ដោយយោងតាមប្រកាសលេខ ៣៨១០ ប្រក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្ដីពីការតែងតាំងមន្ត្រីរាជការ បានសម្រេចតែងតាំង លោក ឃុត គីម ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សូមជម្រាបជូនថា លោក ឃុត គីម ជានាយករដ្ឋបាលសាលាស្រុកកំពង់រោទិ៍ (អតីត) ត្រូវបានក្រសួងមហាផ្ទៃតែងតាំងមុខតំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ជំនួសលោក ហឹង សារ៉ា អតីតអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ដែលត្រូវបានចូលនិវត្តន៍។