អាជ្ញាធរជាតិព្រះវិហារ ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សភាយុវពាណិជ្ជកម្មវ័យក្មេង របស់ប្រទេសជប៉ុន មកកាន់រមណីយដ្ឋានប្រាសាទព្រះវិហារ

ព្រះវិហារ៖ សិស្សានុសិស្សជនជាតិជប៉ុន និងកម្ពុជា ប្រមាណជាង៩០នាក់ ដឹកនាំដោយលោកស្រី លីម ហួង (Sakura) តំណាង សភាយុវពាណិជ្ជកម្មអន្តរជាតិជប៉ុន ហៅកាត់ថា JCI ប្រចាំនៅកម្ពុជា បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ប្រាសាទព្រះវិហារ ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិព្រះវិហារ។

ទស្សនកិច្ចសិក្សានេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលបំណងចង់ឱ្យសិស្សានុសិស្សជនជាតិជប៉ុនស្វែងយល់ពីអ្វីដែលហៅថាសន្តិភាព ការអប់រំ និងស្ថានភាពនៃការរស់នៅរបស់សិស្សនៅតាមព្រំដែន ព្រមទាំងសិក្សាស្វែងយល់ពីអច្ឆរិយៈសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ នៃប្រាសាទព្រះវិហារ លើកំពូលភ្នំដងរែក។

ក្នុងដំណើរទស្សនកិច្ចសិក្សានោះ ក្រុមការងាររបស់ JCI និងអាជ្ញាធរជាតិព្រះវិហារក៏បានចុះពិនិត្យសមិទ្ធផល គម្រោងអភិវឌ្ឍន៍នានាដែលបានជួយដល់សហគមន៍រហូតដល់ពេលបច្ចុប្បន្ន នៅក្នុងតំបន់ប្រាសាទព្រះវិហារដូចជា អណ្តូងស្នប់ សួនបន្លែសហគមន៍ ស្រះចិញ្ចឹមត្រី និងបានផ្តល់នូវអំណោយសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅវិទ្យាល័យខេមរៈតេជោ មួយចំនួនថែមទៀត។ ទន្ទឹមនឹងនោះដែរ តំណាង JCI ក៏បានសន្យាថា នៅពេលខាងមុខនេះ ក្រុមរបស់លោកនឹងពិនិត្យលទ្ធភាពកៀរគរមូលនិធិបន្តទៀត ដើម្បីសហការជាមួយអាជ្ញាធរជាតិព្រះវិហារ ក្នុងគោលដៅជួយអភិវឌ្ឍសហគមន៍ និងវិស័យអប់រំបន្ថែមទៀត នៅក្នុងតំបន់ប្រាសាទព្រះវិហារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *