ឯកឧត្តម គីម រិទ្ធី អញ្ជើញចុះសំណេះសំណាល និងប្រកាសត្រៀមបើកយុទ្ធនាការអំពីការកាត់ឈ្វៀលដី ជូនប្រជាពលរដ្ឋនៅភូមិភារកិច្ចកណ្ដាល

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ៖នៅព្រឹកថ្ងៃទី២០ ខែកក្ដដាឆ្នាំ២០២៣នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ បានអញ្ជើញចុះជួបសំណេះសំណាល និងត្រៀមប្រកាសបើកយុទ្ធនាការពីការកាត់ដីជូន ប្រជាពលរដ្ឋនៅភូមិភារកិច្ចកណ្ដាល ស្ថិតនៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្នុងការសំណេះសំណាលនោះដែរ មានវត្តមានចូលរួម លោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីដែលត្រូវកាត់ ឈ្វៀលដីជូនប្រមាណ៦៣៦គ្រួសារផងដែរ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា នៅភូមិភារកិច្ចនេះកាលពីដើមគឺស្ថិតនៅក្នុងគម្រោងគំរបព្រៃឈើរបស់រដ្ឋបាលព្រៃឈើ តែមកដល់ពេលនេះ ឯកឧត្តម បានស្នើសុំរាជរដ្ឋាភិបាល និងបានទទួលការអនុញាតិដើម្បីកាត់ឈ្វៀលដីចេញពី គំរបព្រៃឈើមកវាស់វែងចេញប័ណ្ឌកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុង តំបន់កូនភ្នំ ភូមិភារកិច្ចនេះ។

ជាមួយគ្នានេះឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរជាមួយ ប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលដែលមានសម្ដេច តេជោ នាយករដ្ឋមន្រ្តីបានសម្រេចក្នុងការកាត់ឈ្វៀលដីជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ ប្រជាពលរដ្ឋរស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ចំនួន៦៣៦គ្រួសារ ដែលបានរស់នៅអាស្រ័យផលជាយូឆ្នាំ បានថ្លែងដោយក្តីរំភើបរីករាយ អរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្តព្រះវិហារ គីម រិទ្ធី ដែលបានជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តាចុះកំណត់ និងដាក់ព្រំឲ្យបាន ច្បាស់លាស់ និងសហការជាមួយក្រុមការងារដើម្បីងាយស្រួលក្នុងការចុះវាស់វែងបន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះយោគយល់អធ្យាស្រ័យរវាងគ្នានិងគ្នា ដែលមានព្រំដី ជាប់គ្នាដើម្បីកុំឲ្យមានបញ្ហាក្នុងការវាស់វែង ពោលព្រំដីមានបញ្ហាគឺក្រុមការងារមិនអាចវាស់វែង ជូនបាននោះទេ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទៅ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *