តំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង សមត្ថភាពយោធា ប្រចាំឆ្នាំ ២០២៣

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣នេះ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ យោធភូមិភាគទី៤ បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង សមត្ថភាពយោធា ប្រចាំឆ្នាំ ២០២៣  ក្រោមអធិបតីភាព  ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដព្រះវិហារ។

តាមរបាយការណ៍បើកវគ្គហ្វឹកហ្វឺនបានបញ្ជាក់ឲ្យថា៖ វគ្គបំប៉នពង្រឹងសមត្ថភាព យោធាប្រចាំឆ្នាំ ២០២៣ មានរយៈពេល ៣ខែ ស្មើ៩១ថ្ងៃ ដោយចាប់ផ្តើមហ្វឹកហាត់ចាប់ពីថ្ងៃទី ១៩ ខែកក្កដា រហូតដល់ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២៣  សិក្ខាកាមចូលរួមចំនួន ១០០នាក់ គ្រូយោធាចារ្យចំនួន ៣១នាក់  សរុប ១៣១នាក់មកពីបណ្ដាកងឯកភាពចំណុះទីបញ្ជាការ  ។

ឯកឧត្ដម គីម រិទ្ធីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដព្រះវិហារ បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនកងទ័ព ជាវិស័យអាទិភាពមួយ នៃការកែទម្រង់​ របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ដើម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់  ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់​ ក្នុងការពង្រឹងខឿនការពារជាតិ​ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព​ ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ។

ជាមួយគ្នានេះ ឯកឧត្ដម គីម រិទ្ធី បានផ្ដាំផ្ញើដល់នាយទាហាន  នាយទាហានរង និងពលទាហានទាំងអស់ ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតជាមួយជាតិ សាសនា ព្រះមហាក្សត្រ គោរពអនុវត្តឱ្យបានម៉ឺងម៉ាត់​ នូវរដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិកៈយោធា ច្បាប់រដ្ឋផ្សេងៗ និងបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គមេបញ្ជាការ​ មេបញ្ជាការ​កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដែលបានដាក់ចុះ។ជាមួយគ្នាផងដែរត្រូវកុំភ្លេចទៅចូលរួមបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះអោយបានគ្រប់ៗគ្នាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *