ខេត្តប៉ៃលិន ៖ លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឱ្យដឹងថា ក្រុមការងារបានទទួល
សម្ភារៈ និងឯកសារសំខាន់ៗ សម្រាប់បំរើអោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៧ ឆ្នាំ២០២៣នេះ បានដឹកជញ្ជូនមកដល់ប៉ៃលិន នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមការពិនិត្យដ៏ត្រឹមត្រូវរបស់មន្ដ្រី គជប និងកងកម្លាំងការពារដល់ទីតាំងផងដែរ។
លោកបានបន្តថា ឯកសារសំខាន់ៗនោះរួមាន បញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈមួយចំនួនទៀត បានមកដល់លេខាដ្ឋានរៀបចំការបោះឆ្នោតខេត្ដ ប្រកបដោយសុខសវត្ថិភាព ហើយក្រុមការងារបានរៀបចំទុកដាក់នឹងយាមកាមត្រឹមត្រូវផងដែរ។ លោកបានឱ្យដឹងទៀតថា នៅថ្ងៃស្អែកសម្ភារៈ និងឯកសារបំរើការបោះឆ្នោតនោះ នឹងដឹកជញ្ជូនទៅកាន់គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតទាំង៨ក្នុងខេត្តប៉ៃលិនបន្ដទៀត ហើយការដឹកជញ្ជូននេះក៏មានការសហការពីសមត្ថកិច្ច អាជ្ញាធរដែនដី ដោយបានជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនសម្ភារៈទាំងអស់នេះ មកដល់កន្លែងយ៉ាងរលូន។
លោកបានបន្តថា សម្ភារៈដែលទទួលបាននាពេលនេះមាន៖ សន្លឹកឆ្នោតចំនួន ៥២០០០សន្លឹក, ទឹកខ្មៅលុបលាងមិនជ្រះចំនួន ២៧៦ដប, ត្រាសម្ងាត់ចំនួន ១កេស, បញ្ជីបោះឆ្នោត ១កេស, សឺមីចោះរន្ធជនពិការ ចំនួន ១៧៦សន្លឹក, ក្រដាសទំហំ ៨០ គុណ ១៨០ សង់ទីម៉ែត្រ ១២២សន្លឹក, និងសម្ភារៈផ្សេងៗទៀត។
លោកបន្ដថា ខេត្តប៉ៃលិន មានឈ្មោះអ្នកបោះឆ្នោតចំនួន ៤៥៧៤០នាក់ ស្រី និងមានការិយាល័យបោះឆ្នោត១២២ការិយាល័យ និងមានគណបក្សនយោបាយចូលរួមការបោះឆ្នោតមានចំនួន១០គណបក្ស៕ ដោយ ៖ នីយ៉ា