កណ្តាល ៖ ជនសង្ស័យជនជាតិវៀតណាម៣នាក់ ត្រូវបានសមត្ថកិច្ចបង្ហាញមុខនាថ្ងៃទី១៦កក្កដាឆ្នាំ២០២៣ ពាក់ព័ន្ធករណីរក្សាទុក ផលិត កែច្នៃដោយខុសច្បាប់នូវសាធាតុញៀន លាក់កំបាំងវត្ថុតាង និង បំផ្លាញវត្ថុតាង(ចាក់ថ្នាំញៀន១គីឡូក្រាមចូលក្នុងបង្គន់) កាលពីថ្ងៃទី ១២កក្កដាឆ្នាំ២០២៣ វេលាម៉ោង ៤និង៥០នាទី នៅចំណុចផ្ទះលេខD11 ស្ថិតភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី ១២កក្កដាឆ្នាំ២០២៣ កន្លងទៅ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ យឿង ជីបាវ(Duong chi Bao) ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុងយុងតាវ , ២-ឈ្មោះ ជឿង ហ្វាងទិ(Truong Hoang tri) ភេទប្រុសអាយុ ២១ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិត មានទីលំនៅក្រុងយុងតាវ មានសារធាតុញៀននិង ៣-ឈ្មោះ ហ្វរ ថធៀន(Vo Tho Thien) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅក្រុងហូជីមុិញ។
វត្ថុតាងចាប់យករួមមាន ថ្នាំម៉ាក KETAMINE ២១ប្រអប់ ក្នុងមួយប្រអប់មាន២៥ដប(៥២៥ដប), ថង់វេចខ្ចប់គ្រឿងញៀន និងសម្ភារប្រើប្រាស់មួយចំនួន, ជញ្ជឹងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង,ម្សៅក្រាមសង្ស័យថាជាសារធាតុញៀន៣កញ្ចប់, ម៉ាស៊ីនអ៊ុតថង់១គ្រឿង, ម៉ាស៊ីនក្រឡុកថ្នាំ៣គ្រឿង, អត្តសញ្ញណបណ្ណសញ្ជាតិខ្មែរ ឈ្មោះ ឡាយ វណ្ណស្រ៊ុន លេខ០១០៨៨០៣៨១មួយច្បាប់, អត្តសញ្ញណបណ្ណវៀតណាម ឈ្មោះTROUNG HOANG TRI លេខ០៧៧២០១០០៣៥៣៤ មួយ, អត្តសញ្ញាណបណ្ណ វៀតណាម ឈ្មោះ DUON Chi BAO លេខ០៧៧២០១០០៦៤២០ មួយច្បាប់,កាតVISAពណ៌បៃតង១សន្លឹក(Sacombank)និងកាតACB(JCB)ពណ៌ខៀវ១សន្លឹក,ទូរសព្ទដៃម៉ាកiPhone 14 Pro Max ពណ៌ស១គ្រឿង,អត្តសញ្ញណបណ្ណ វៀតណាម ឈ្មោះ KHOV MINH HUNG ១សន្លឹក និងលិខិតឆ្លងដែនកម្ពុជាឈ្មោះ Sok Sodany ភេទស្រី អាយុ ២៩ឆ្នាំ១ច្បាប់។
សមត្ថកិច្ចបន្តថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅចំណុចផ្ទះលេខD11 មានសកម្មភាពជនអន្តោប្រវេស្ត(វៀតណាម)បើកល្បែងតាមអនឡាញ ស្ថិតនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ កម្លាំងនគរបាលការិយាលយ័ខេត្ត សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុកនិងនគរបាលប៉ុស្តិ៍ភូមិធំ បានចុះឃាត់ខ្លួនជនសង្ស័យជមជាតិវៀតណាម៣នាក់តែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ៣- ឈ្មោះ ហ្វរ ថធៀន (Vo tho thien) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិត មិនទីលំនៅក្រុង ហូជីមុិញ បានសារភាពថា «ពេលសមត្ថកិច្ចទៅដល់ ខ្លួនបានយកថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៦កញ្ចប់ធំ ទម្ងន់ប្រហែល១០០០ក្រាម(១គីឡូក្រាម) ចាក់ចោលទៅក្នុងបង្គន់»។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងបានបញ្ជូនឡើងតុលាការអនុវត្តតាមនីតិវិធីរួចហើយ ៕ ដោយ ភាវុន