ព្រះវិហារ៖ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នៅថ្ងៃទី៧ខែកក្កដានេះ ប្តេជ្ញាការពារអភិរក្ស និងផ្សព្វផ្សាយប្រាសាទព្រះវិហារ ឱ្យកាន់តែល្បីល្បាញទៅបរទេស ខណៈថ្ងៃនេះគឺជាខួប១៥ឆ្នាំប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិលោក។
ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា ប្រាសាទព្រះវិហារជាប្រាសាទ ដែលបានកសាងឡើងនៅលើកំពូលភ្នំខ្ពស់សន្លឹម ខុសប្លែកពីប្រាសាទនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានទេសភាពដ៏ស្រស់ត្រកាល មានក្បូនក្បាច់រចនាបទស្ថាបត្យកម្មល្អឯក និងមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន និងម្យ៉ាងទៀត ជាប្រាសាទដែលដំណាងឱ្យសាសនាផង និងការសាមគ្គីភាពគ្នាផង ខណៈដែលការកសាងប្រាសាទនេះ គឺប្រើពេលរហូតដល់ជាង ៣០០ឆ្នាំទើបរួចរាល់។
ឯកឧត្ដម បញ្ជាក់បន្ថែម មូលហេតុ ឬកត្តាដែលយើងមានជាអំណះអំណាង និងជាប្រវត្តិសាស្ត្រទាំងអស់នេះហើយ ទើបគ្រប់លក្ខណខណ្ឌដែលបានឈ្នះក្តី និងត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនេះ។
យុវជនជំនាន់នេះ បានសម្តែងការអបអរសាទរ និងប្តេជ្ញាការពារមរតកប្រាសាទព្រះវិហារ ឱ្យនៅគង់វង្ស បន្តដល់កូនចៅជំនាន់ក្រោយ ព្រមទាំងផ្សព្វផ្សាយឱ្យកាន់តែល្បីល្បាយទៅលើឆាកអន្តរជាតិ។លើសពីនេះ ពួកគាត់ បានកោតស្ងប់ស្ងែងចំពោះបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកមរតកដ៏អស្ចារ្យនេះ សម្រាប់អ្នកជំនាន់ក្រោយផងដែរ។
ប្រាសាទព្រះវិហារដែលមានអាយុកាលជាង ១.០០០ឆ្នាំ ស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។
ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃ ដោយពួកអាណានិគមបារាំង នៅក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញ ដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិទីក្រុងទ្បាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំដោយព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេច នរោត្តម សីហនុ ៕