ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាក អាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទចេញ-ចូលខេត្តព្រះសីហនុមួយរយៈ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវីដ១៩ទៅកន្លែងផ្សេងទៀត។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ចំពោះរថយន្តដឹកទំនិញ នៅបន្តដំណើរការធម្មតាប៉ុន្តែត្រូវកម្រិតចំនួនមនុស្ស ឲ្យបានជាក់លាក់ ត្រឹម ២ នាក់ គឺអ្នកបើកបរ និងជំនួយការ។ការធ្វើដំណើរឆ្លងចេញ-ចូលខេត្តព្រះសីហនុ នឹងត្រូវរឹតបន្តឹង ឬផ្អាកជាបណ្តោះអាសន្ន ដោយ លើក លែងតែរយន្តដឹកទំនិញ និងរថយន្តសង្គ្រោះបន្ទាន់ ឬបងប្អូនប្រជាពលរដ្ឋ ដែលមាន ធុរៈសំ ខាន់ តែប៉ុណ្ណោះ។ នៅម៉ោង២រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តព្រះសីហនុ កងកម្លាំងសមត្ថកិច្ច បានចុះអនុវត្តបិទ នឹងរឹតបន្តឹងការធ្វើចរាចរ ផ្លូវចេញចូលខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន ចំនួន២គោលដៅធំៗ រួមមាន នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានត្រពាំងរពៅ ដែលជាព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពតចន្លោះគីឡូម៉ែត្រ ៣៣ ទៅខេត្តកំពត៕