ព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកឆែប ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និងមន្ត្រីនៅថ្នាក់មូលដ្ឋាន នាំយកអំណោយរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ចែកជូនប្រជាពលរដ្ឋក្រីក្រ ១៥គ្រួសារ និងជួយសង់ផ្ទះ ១ខ្នង ជូនជីដូនម្នាក់ដែលមានជីវភាពក្រលំបាក គ្មានដី និងគ្មានផ្ទះពិតប្រាកដ ដើម្បីជួយរំលែការលំបាក និងការរស់នៅឲ្យបានសមរម្យស្មើមុខ ស្មើមាត់ ដូចប្រជាពលរដ្ឋឯទៀត។
ការអញ្ជើញដឹកនាំក្រុមការងារចុះចែកអំណោយ និងជួយសង់ផ្ទះ ជូនប្រជាពលរដ្ឋក្រីក្ររបស់ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រទាំង ១៥គ្រួសារ នាពេលនោះ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខកំប៉ុង ១យួរ ភួយ ១ និង ថវិកា ២ម៉ឺនរៀល ។
ចំណែក លោកយាយ ធាន គុន អាយុ ៨៣ឆ្នាំ ដែលមានជីវភាព ខ្វះខាត ក្រលំបាក គ្មានដី និងផ្ទះរស់នៅពិតប្រាកដ ក្រៅពីទទួលបានអំណោយរួច ខណៈនេះទទួលបានដី ១ប្លង់ និងផ្ទះថ្មី ១ខ្នង ដែលជាចំណងដៃរបស់ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកឆែប ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងក្រុមការងារទាំងអស់ ផងដែរ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានថ្លែង ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលតែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ចំពោះជាតិ មាតុភូមិ ហើយត្រូវទៅចូលរួមបោះឆ្នោតសកល ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ បន្ថែមទៀត៕