ព្រះវិហារ÷ ឯកឧត្ដម មាស សុភាសមាជិក គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងថា សមិទ្ធិផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណា អាចប្រៀបផ្ទឹមបានឡើយ។
ការថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាចាស់និងថ្មីដែលមកពីគណបក្សនយោបាយនានា ដែលមកសុំរួមរស់ជាមួយគណប្រជាជនកម្ពុជា និងសម្ភោធអោយប្រើប្រាស់ជាផ្លូវការនៅទីស្នាក់ការគណបក្ស ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នេះ។
ពិធីសម្ភោធសមិទ្ធិផលថ្មីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំគណបក្សជាច្រើនរូប។
ឯកឧត្ដម ជូ តុងអាន អនុប្រធានក្រុមការងាចុះជួយស្រុកជាំក្សាន្ត បានឡើងអានរបាយការណ៏ជូនគណៈអធិបតីបានជ្រាបថា ការសាងសង់អាគារស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាឃុំស្រអែម ស្រុកជាក្សាន្តនេះចំណាយថវិការអស់សរុបចំនួន១០៨,២៦០$ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ក្រោមការផ្តួចផ្តើមសាងសង់ឡើងពីឯកឧត្តម អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារចាស់។ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជាក្សាន្ត ឯកឧត្តម ដួង សំនៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជាំក្សាន្តនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រអែម ទើបដំណើរការសាងសង់នេះប្រកបទៅដោយរលូន។
ក្រោយពីបានស្ដាប់របាយការណ៏សាងសង់របស់ឯកឧត្ដម ជូ តុងអាន អនុប្រធានក្រុមការងាចុះជួយស្រុកជាំក្សាន្តរួចមកឯកឧត្ដម មាស សុភាសមាជិក គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តព្រះវិហារ ក៏បានពាំនាំនូវ ការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយ ការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកជាំក្សាន្តទាំងអស់ សូមប្រកបដោយសេចក្តីសុខ នឹង ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត នាពេលខាងមុខនេះ។
ឯកឧត្ដម មាស សុភា បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាបានកសាងនូវសមិទ្ធិផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះ ខេត្តព្រះវិហារយើង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយ: ការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ ស្ពានឆ្លងកាត់ជាដើម ។ល។
ទាំងនេះជាមោទនភាព របស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណា អាចប្រៀបផ្ទឹម បាននាំយកសុខសន្តិភាពនេះ ជូនប្រជាពលរដ្ឋបានទេ ហើយក៏គ្មានគណបក្សណា ដែលមានសមត្ថភាព ក្នុងការនាំមកនូវ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដូចគណបក្សប្រជាជនកម្ពុជា បាននោះទេ។
ជាការពិត តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺរបបនយោបាយ ដែលយើងប្រកាន់យក សព្វថ្ងៃនេះ គឺជារបបនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស មានន័យថា ជារបប ដែលយក ប្រជាពលរដ្ឋជាធំ ជាអធិបតី អំណាចទាំងឡាយ គឺចេញមកពីប្រពលរដ្ឋ ដូច្នេះសូមឲ្យ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាយើង ទាំងអស់ ចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៀត ព្រោះថា គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន និងបម្រើប្រជាជនពិតៗ។
ឯកឧត្ដម មាស សុភា ក៏បានអំពាវនាវឲ្យសមាជិក សមាជិកា ទាំងអស់ត្រូវត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតាព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៧ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការអភិវឌ្ឍន៍ និងរក្សាការងាររបស់បងប្អូនទាំងអស់គ្នាផងដែរ៕ដោយ៖ សេង ពិសិដ្ឋ