នាយឧត្តមសេនីយ៍ ម៉ឹង សំផន អំពាវនាវឲ្យអតីតយុទ្ធជនទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា ២០២៣ ឲ្យបានគ្រប់ៗគ្នា

ខេត្តស្វាយរៀង៖នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នេះឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចន្ទ្រាបានអញ្ជើញចូលរួមសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អតីតយុទ្ធជននៅស្រុកចន្ទ្រា ក្នុងឱកាសប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៣។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជានៅស្រុកចន្ទ្រា ខេត្តស្វាយរៀងនាពេលនេះ។

ជាមួយគ្នានេះឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍ប្រទេស ដែលមានសម្ដចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រែក្លាយប្រទេសកម្ពុជាពីសង្គ្រាមរំារ៉ៃ ឲ្យមានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសខេត្តស្វាយរៀង ក៏មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ហើយនៅពេលខាងមុខនេះមានសមិទ្ធផលធំៗថ្មីៗទៀតនឹងលេចជារូបរាង្គឡើង ក្នុងនោះមានផ្លូវល្បឿនលឿនផងដែរ។

បន្ថែមលើសពីនេះឯកឧត្តម មុឹង សំផន បានថ្លែងអរគុណចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាស្រុក ដែលបានរៀបចំពិធីដ៏មានសារសំខាន់នេះឡើងដើម្បីឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធនៃ វីរៈអតីតយុទ្ធជន យុទ្ធនារី យើងដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងមួយចំណែកទៀតដើម្បីសម្ដែងនូវការដឹងគុណនូវវីរៈភាពរបស់អតីតយុទ្ធជនយើងគ្រប់ប្រភេទ និងគ្រប់ជំនាន់ដែលកំពុងរស់នៅបច្ចុប្បន្ន ហើយបានក្លាយខ្លួនជា ជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ ប្រកបដោយភាពនិងគោរពដឹងគុណជាទីបំផុត។

ជាមួយគ្នានេះឯកឧត្តមបានអំពាវនាវដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរអង្វែង និងត្រូវបន្តគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

នៅក្នុងពិធីនោះឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់អតីតយុទ្ធជន១០២នាក់ ដែលអញ្ជើញចូលរួមក្នុងម្នាក់ៗ ទទួលបាន មី១កេស សារុង១ ក្រម៉ា១ ត្រីខ១យួ ព្រមទាំងទទួលចំនួនថវិកា៥ម៉ឺនរៀល។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជននៅស្រុកចន្ទ្រានេះ ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមន្ទីរពេទ្យកេតុមាលាពិនិត្យនិងព្យាបាលជូនគ្រួសារអតីតយុទ្ធជនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *