សមាជិកសមាគមអតីតយុទ្ធជន២៦៥នាក់ក្នុងស្រុករវៀងទទួលគ្រឿងឥស្សរិយយសមេដាយការពារជាតិ

ព្រះវិហារ៖នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោក គីម រិទ្ធី អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានបន្ដអញ្ជើញចុះជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តចំនួន២៦៥នាក់ទៀត នៅក្នុងស្រុករវៀង ខណៈដែលសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារចំនួន១ ៩០២ នាក់នៅទូទាំងខេត្តត្រូវបានរៀបចំបំពាក់មេដាយលើកទឹកចិត្តជូនជាបន្ដបន្ទាប់នៅគ្រប់បណ្ដាក្រុង-ស្រុក។

លោក គីម រិទ្ធី បានសម្ដែងនូវអំណរសាទរចំពោះបងប្អូនសមាជិកសមាគមអតីតយុទ្ធកម្ពុជា ខេត្តព្រះវិហារទាំងអស់ ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយស លើកទឹកចិត្ត ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមក៏បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូន អតីតយុទ្ធជនកម្ពុជា ដែលបានលះ​បង់សាច់ស្រស់ ឈាមស្រស់ ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ការពារជាតិមាតុភូមិ រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់   វិស័យនាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនោះផងដែរឯកឧត្តមក៏បាន ប្រៀបធៀបនិងលើកឡើងអំពីការវិវត្តន៍រីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។ ហើយកន្លងមកក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍទៅលើគ្រប់វិស័យ ពិសេសវិស័យអប់រំត្រូវបានយកចិត្តទុកដាក់ ដោយខិតខំ ពង្រីកបន្ថែម នូវអគារសិក្សាអោយបានទៅដល់តាម    បណ្តា ស្រុក ឃុំ សង្កាត់ ក្នុងការបណ្តុះ បណ្តាលនូវធនធានមនុស្ស ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ផងដែររាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ជារៀងរាល់ឆ្នាំតែងតែបានគិតគូរ និងរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន តាមរយៈមជ្ឍមណ្ឌបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីបង្រៀននូវ ចំណេះដឹង និងជំនាញផ្សេងៗ ដល់យុវជន យុវនារីដែលបានបោះបង់ការសិក្សា និងពុំមាន ការងារធ្វើ អោយមកចូលរៀននូវជំនាញផ្សេងៗ ដើម្បីបង្កើតការងារនៅក្នុងមូលដ្ឋាន និងបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមគ្នានេះលោក អភិបាល ខេត្តក៏បានផ្តាំផ្ញើដល់សមាជិកទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ អោយបានគ្រប់ៗគ្នា និងបន្តគាំទ្ររាជរដ្ឋាភិបាលក្រោម ការដឹកនាំរបស់សម្តេចតេជោជាបន្តទៀត។

យោងតាមរបាយការណ៍របស់ឧត្ដមសេនីយ៏ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តព្រះវិហារបានអោយដឹងថាមេដាយដែលបានបំពាក់ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជាក្នុងស្រុករវៀងនាថ្ងៃនេះសរុបមានចំនួន ២៦៥គ្រឿង ក្នុងនោះ មេដាយមាសការពារជាតិ ៣៤គ្រឿង និងមេដាយប្រាក់ ចំនួន ២៣១គ្រឿងផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *