អាជីវករនៅផ្សារសាមគ្គីហៅប៉ាហ៊ីប្រមាណ៣៥០នាក់ សប្បាយរីករាយក្រោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត លើកលែងមិនយកថ្លៃតូបចំនួន៣ខែ

ខេត្តប៉ៃលិន ៖ ក្រោយពីអាជីវករនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បាននាំគ្នាត្អូញត្អែរពីការស្ងាត់ម៉ូយ លក់មិនដាច់ រហូតធ្វើឱ្យអាជីវករខ្លះបង្ហោះនៅលើបណ្តាញសង្គម រៀបរាប់ពីទុក្ខលំបាក ក្នុងការលក់ដូររបស់ខ្លួន ជាពិសេសលំបាករកប្រាក់ បង់ថ្លៃតូប និងថ្លៃធនាគារ។ ទើបរហូតមកដល់ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារបានចុះជួបសំណេះសំណាល សួរសុខទុក្ខអាជីវករក្នុងផ្សារទាំងអស់ប្រមាណ៣៥០នាក់ នៅខាងមុខបរិវេណផ្សារ ដោយលោកជំទាវអភិបាលខេត្តសន្យា លើកលែងការបង់ថ្លៃឈ្នួលតូបដល់អាជីវករ រយ:ពេល៣ខែ ចាប់ពីខែកក្កា រហូតដល់ខែកញ្ញា។

មានប្រសាសន៍ថ្លែងទៅកាន់អាជីវករដែលកំពុងអង្គុយស្តាប់នៅខាងមុខបរិវេណផ្សារ លោកជំទាវ  បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រកាសជូនដល់បងប្អូនអាជីវករ ដែលលក់ដូរនៅក្នុងផ្សារសាមគ្គីទាំងអស់ថា នឹងមានការលើកលែងមិនយកប្រាក់ឈ្នួលថ្លៃតូបក្នុងរយ:ពេល៣ខែ ដោយចាប់ផ្តើមពីខែកក្កដា រហូតតទៅ ហើយសូមឱ្យបើបងប្អូនអាជីវករទាំងអស់ គាំទ្រនិងស្រលាញ់បោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា ជាពិសេសត្រូវនាំគ្នាទៅបោះឆ្នោតគ្រប់ៗ គ្នា។ លើសពីនេះ លោកជំទាវអាចនឹងមិនយកប្រាក់ថ្លៃឈ្នួលបង់តូប រហូតដល់៦ខែ ព្រោះតែថ្នាក់ដឹកនាំខេត្តមើលឃើញពីភាពលំបាក និងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក្នុងនាមជាម៉ែឪរបស់ប្រជាពលរដ្ឋទាំងអស់។

លោកជំទាំវ អភិបាលខេត្តប៉ៃលិន ក៏សន្យាសាងសង់ផ្សារសាមគ្គីខាងលើឱ្យក្លាយទៅជាផ្សារស្តង់ដារ ដោយចាក់ដីបន្ថែមទៀតឱ្យស្មើគ្នា នឹងរៀបចំបង្កិតតូបលក់ដូរទាំងអស់មកខាងលើ ដើម្បីរៀបចំការលក់ដូររបស់អាជីវករឱ្យមានលក្ខណ:ស្តង់ដារ មានរបៀបរៀបរយផងដែរ។ ម្យ៉ាងវិញទៀត បើសិនជាលោកជំទាវ អភិបាលខេត្តប៉ៃលិន មានថវិកាគ្រប់គ្រាន់ អាចនឹងសាងសង់នៅលើដីថ្មី ដើម្បីឱ្យអាជីវកររើសទៅលើនៅកន្លែងនោះ ផ្សារសាមគ្គីនឹងត្រូវសាងសង់ទៅជាផ្សាររាត្រី ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិឱ្យចូលមកក្នុងខេត្តប៉ៃលិន កាន់តែច្រើនផងដែរ។

ចំណែកប្រជាពលរដ្ឋទាំងអស់ ដែលលក់ដូរនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ីទាំងអស់ មានក្តីរំភើបរីករាយយ៉ាងខ្លាំង និងបានគាំទ្រយ៉ាងពេញទំហឹងក្នុងការដឹកនាំដ៍ឈ្លៀសវៃរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលជានិច្ចកាលលោកជំទាវតែងតែចុះជួយប្រជាពលរដ្ឋ ដែលជួបបញ្ហាទុក្ខលំបាកគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *