ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស និងជាសមាជិកអចិន្រ្ដៃយ៍គណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនដល់អតីតយុទ្ធជនចំនួន ៦៧២នាក់ ដែលអញ្ជើញមកពីបណ្ដាឃុំ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅទីបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ប្រចាំទឹសទី១ប្រាសាទព្រះវិហារ។
ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា ថ្លែងសុន្ទរកថាស្វាគមន៍ និងអានសារពិសេសសម្ដេច តេជោ បានបញ្ជាក់ថា ពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជននាពេលនេះ គឺពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលប្រកបដោយការគោរព និងដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេត្វជាតិមាតុភូមិ មានដល់សុខសន្តិភាពរបស់ប្រជាជនទូទាំងប្រទេស។
ឯកឧត្តម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្រ្តី មាស សុភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលកន្លងមកបានយកចិត្តទុកដាក់អំពីសុខទុក្ខដល់បងប្អូនជាប្រចាំ និងតែងបានជួយសម្រួលកិច្ចការងារ និងរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជន។
ក្នុងនោះដែរ ឯកឧត្តម មាស សុភា ក៏បានរំលឹកដល់បងប្អូនត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រលើការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តេចតេជោ ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧បន្តទៀត។
ក្នុងឱកាសនេះដែរ ឯកឧត្តម មាស សុភា បាននាំមកនូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លាបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចែកជូនបងប្អូនអតីតយុទ្ធជនកម្ពុជាដែលទទួលបានការបំពាក់មេដាយ ដោយម្នាក់ៗទទួលបានថវិកា ៥០ ០០០រៀលផងដែរ៕