ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រមូលកមកំលាំង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ព្រះវិហារៈ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឃុន ធាងលី មេបញ្ជាការរងកងទ័ពជើងគោកប្រចាំទីបញ្ជាការបំរ៉ុងកងទ័ពជើងគោកព្រះវិហារ  រួមនិងឯកឧត្ដម ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងតំបន់ប្រតិបត្តការសឹករងព្រះវិហារ ស្ថិតក្នុងភូមិ សំរោង សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានចាក់នៅពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់ អាចជួយការពារការចម្លងមេរោគកូវីដឥ១៩បាន។ឯកឧត្ដម បញ្ជាក់បន្ថែមថា ទោះយើងទាំងអស់គ្នា បានចាក់វ៉ាក់សាំងការពារក៏ពិតមែន តែត្រូវបន្តថែរក្សាអនាម័យ សុខភាពផងដែរ ពិសេសត្រូវគោរពតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន គឺ៣ការពារ និង៣កុំ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល។

ក្នុងនាមអង្គភាពតំបន់សឹករងព្រះវិហារ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាក្រសួងសុខាភិបាល ដែលបានខិតខំបង្កើតយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនៅពេលនេះ។

ឯកឧត្ដម មេបញ្ជាការ បានណែនាំដល់អ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងទាំងអស់ សូមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីរក្សាគុណភាពថ្នាំវ៉ាក់សាំងកូវីដ-១៩នេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ និងកុំភ្លេចមកចាក់លើកទី២ តាមការណាត់របស់ក្រុមគ្រូពេទ្យផងដែរ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅថ្ងៃនេះ មានកំលាំងទីបញ្ជាការបំរ៉ុងព្រះវិហារកងទ័ពជើងគោកចំនួន៤៣នាក់ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនិងកំលាំងតមបន់ប្រតិបត្តការសឹករងព្រះវិហារផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *