ដោយ៖ស៊ឺម ចរិយា
ព្រះវិហារ៖នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ បានអញ្ជើញចុះជួបសំណេះសំណាល និងបើកយុទ្ធនាការពីការកាត់ដីជូន ប្រជាពលរដ្ឋនៅភូមិអភិវឌ្ឍន៍ ស្ថិតនៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានវត្តមានចូលរួមនាឱកាសនោះ មានលោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីដែលត្រូវកាត់ ឈ្វៀលជាច្រើនរូបផងដែរ។
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានឲ្យដឹងថា នៅភូមិអភិវឌ្ឍន៍នេះកាលពីដើមគឺស្ថិតនៅក្នុងគម្រោងព្រៃអភិវឌ្ឍន៍របស់បរិស្ថាន តែឯកឧត្តម បានស្នើសុំរាជរដ្ឋាភិបាល និងបានទទួលការអនុញាតិដើម្បីកាត់ឈ្វៀលដីចេញពី គម្រោងដីព្រៃរបស់បរិស្ថាន និងវាស់វែងចេញប័ណ្ឌកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុង តំបន់ភូមិអភិវឌ្ឍន៍នេះ។ ជាមួយគ្នានេះឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរជាមួយ ប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលដែលបានសម្រេចក្នុងការកាត់ឈ្វៀលដីជូនដល់បងប្អូននាពេលនេះ។ ឯកឧត្តម ក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តាចុះកំណត់ និងដាក់ព្រំឲ្យបាន ច្បាស់លាស់ និងសហការជាមួយក្រុមការងារដើម្បីងាយស្រួលក្នុងការចុះវាស់វែង។ បន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះយោគយល់អធ្យាស្រ័យរវាងគ្នានិងគ្នា ដែលមានព្រំដី ជាប់គ្នាដើម្បីកុំឲ្យមានបញ្ហាក្នុងការវាស់វែង ពោលព្រំដីមានបញ្ហាគឺក្រុមការងារមិនអាចវាស់វែង ជូនបាននោះទេ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទៅ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា៕