រដ្ឋបាលខេត្តព្រះវិហារ បដិសេធទាំងស្រុង លើខ្លឹមសារបង្ហោះហ្វេសប៊ុក ពាក់ព័ន្ធនឹងការ អនុវត្តច្បាប់ ចំពោះសំណង់ខុសច្បាប់ នៅភូមិកណ្ដាល ក្រុងព្រះវិហារ

ព្រះវិហារៈ  រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការបដិសេធទាំងស្រុងលើខ្លឹមសារនៅក្នុងគណនីហ្វេសប៊ុក ឈ្មោះ SO AUTO LLC ឈ្មោះ So Nimol និងឈ្មោះ Leangny Sam ដែលបានបង្ហោះកាលពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ថ្មីៗនេះ ទាក់ទងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរក្រុងព្រះវិហារ និងអាជ្ញាធរខេត្ត-ព្រះវិហារ ចំពោះសំណង់ខុសច្បាប់នៅលើដីដែលមានទីតាំងស្ថិតនៅភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុង-ព្រះវិហារ ខេត្តព្រះវិហារ (ស្ថិតនៅខាងត្បូងផ្សារកំពង់ប្រណាក)។

រដ្ឋបាលខេត្តព្រះវិហារ សុំធ្វើការជម្រាបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកទាំងបីខាងលើឱ្យបានជ្រាបថា ក្រោយពីមានការអនុវត្តសាលដីការបស់តុលាការកំពូលលេខ១១៥ «ទ» ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ រួចរាល់ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដាក់ពាក្យបណ្ដឹងជាថ្មី ទាមទារដីដែលមានទីតាំងខាងលើមកធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្តវិញ ហើយត្រូវបានសាលាដំបូងខេត្តព្រះវិហារ ដំណើរការអង្គ-សេចក្ដី ដោយបានធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលរួចរាល់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។ ដោយសារដីខាងលើ កំពុងស្ថិតក្នុងដំណើរការនីតិវិធីនៃសំណុំរឿងរដ្ឋប្បវេណីលេខ៦៣ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តព្រះវិហារ ដូច្នេះ មានន័យថា ដីខាងលើ គឺមិនទាន់ក្លាយជាកម្មសិទ្ធិរបស់ឈ្មោះ សំ លាងនី ឬរដ្ឋបាលខេត្តនៅឡើយទេ គឺត្រូវរង់ចាំសេចក្ដីសម្រេចជាស្ថាពរពីស្ថាប័នតុលាការសិន។ ទន្ទឹមនេះ រដ្ឋបាលខេត្តបានដាក់ពាក្យបណ្ដឹងសុំរក្សាការពារដីខាងលើនោះ ហើយត្រូវបានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ចេញសាលដីកាសម្រេចរក្សាការពារ លេខ១២ រក.ក្រIII (ស.អ) ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដោយមានខ្លឹមសារ ហាមឃាត់កូនបំណុលឈ្មោះ សំ លាងនី មិនឱ្យលក់ដូរ ផ្ទេរ ធ្វើអំណោយ ដាក់ជួល បញ្ចាំ ដាក់ធានាបំណុល កាប់គាស់កកាយ និងធ្វើសកម្មភាពផ្សេងៗទៀត នៅលើទីតាំងដីនេះ និងឱ្យម្ចាស់បំណុល ដែលតំណាងដោយ ឯកឧត្ដមអភិបាលខេត្តព្រះវិហារ ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត មានសិទ្ធិបន្តការកាន់កាប់គ្រប់គ្រងទីតាំងដីទំនាស់នេះ រហូតដល់មានសេចក្ដីសម្រេចស្ថាពរ។

ស្រាប់តែនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ សំ លាងនី បានធ្វើការសាងសង់សំណង់នៅលើដីទំនាស់ខាងលើដែលកំពុងស្ថិតក្នុងនីតិវិធីតុលាការ ដោយពុំមានច្បាប់អនុញ្ញាតសាងសង់ឡើយ។ ដើម្បីអនុវត្តច្បាប់ អាជ្ញាធរក្រុងព្រះវិហារ បានចេញលិខិតជូនដំណឹងឱ្យឈ្មោះ សំ លាងនី រុះរើសំណង់ខុសច្បាប់ ដោយខ្លួនឯង ដោយទុករយៈពេល ៣ថ្ងៃ ប៉ុន្តែបុគ្គលរូបនេះ នៅតែផ្គើនមានះ បន្តធ្វើសំណង់ខុសច្បាប់ដដែល។  មិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះ និងគ្រួសារ បានចុះផ្សាយក្នុងគណនីហ្វេសប៊ុកទាំងបីខាងលើ ដោយបានប្រើពាក្យអសុរោះគ្មានក្រមសីលធម៌ រិះគន់មកលើមន្ត្រីរាជការ អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះវិហារ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីរាជការសាធារណៈ ថ្នាក់ដឹកនាំ និងស្ថាប័នរដ្ឋ។

ហេតុដូច្នេះ រដ្ឋបាលខេត្តស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ ត្រូវបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្ទាន់ និងត្រូវធ្វើការសុំទោសជាសាធារណៈ បើមិនដូច្នោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីច្បាប់។

( អាស្រ័យហេតុនេះ សូម សាធារណជន មេត្តាជ្រាបជព័ត៌មាន)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *